ខេត្តកំពង់ធំ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទោះបីថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក តែកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផលស្រុកស្ទោង ធ្វើ សកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់ បាទាល់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
កិច្ចប្រតិបត្តិការនេះ សហការជាមួយកងកម្លាំងទីបញ្ជា ការស្រាលបង្ក្រាបបទល្មើសនេសាទទាំងពីរគោលដៅគឺ ៖ ទី១ កម្លាំងទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង ដឹងនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព និងទី២ កងកម្លាំងទីបញ្ជាការស្រាល ប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដឹងនាំដោយលោកអនុសេនីយ៍ឯក ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កងកម្លាំងចម្រុះ ទាំងពីរទីបញ្ជាការស្រាល បានបង្រ្កាបឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែង មានរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាត ចំនួន ២ របាំង ដែលមានប្រវែងជាង ៦០០ ម៉ែត្រ, ឡុកស្បៃមុងចំនួន ៣ គ្រឿង, លបឬលូចំនួន ៦ មាត់ កាប់និងដកបំផ្លាញបង្គោលរបាំងឈើចំនួនជាង ២៧០ដើម និងបានចាក់ព្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញបានចំនួនជាង ១០ គីឡូក្រាម។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយជំនាញរដ្ឋបាលជលផល ក្នុងការបំពេញភារកិច្ច មិនខ្លាចនឿយហត់ ទោះបីថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាក ជួបប្រទះភ្លៀងផ្គរ និងមានឧបសគ្គយ៉ាងណា នៅតែបានចេញធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម មិនគិតថ្ងៃឈប់សម្រាក ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវតែបន្តសកម្មភាពបន្ថែមទៀត ដើម្បីបម្រើសង្គមជាតិ ក្នុងការថែរក្សាធនធានមច្ឆៈជាតិរបស់យើងឲ្យនៅគង់វង្ស សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាយើង នៅទូទាំងប្រទេស និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដ៏ទទូច សូមឲ្យប្រជាពលរដ្ឋយើង មេត្តារួមគ្នាគោរពតាមច្បាប់ស្តីពីជលផល និងកុំបន្តប្រើប្រាស់ឧបករណ៍នេសាទខុស ច្បាប់តទៅទៀត ពិសេសរបាំងស្បៃមុង ការឆក់ត្រីគ្រប់ រូបភាព និងការនេសាទក្នុងដែនអភិរក្ស ដើម្បីថែរក្សាធនធានមច្ឆជាតិរបស់យើង សម្រាប់យើង និងកូនចៅយើងទាំងអស់គ្នា បានគង់វង្សយូរអង្វែងតទៅ ៕










