ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដែលក្រុមឧក្រិដ្ឋជនបាននាំចេញពីប្រទេសឡាវ ដើម្បីឆ្លងកាត់ប្រទេសកម្ពុជា និងឆ្ពោះទៅប្រទេសទី៣ ដោយកម្លាំងនគរបាល បានរឹបអូសថ្នាំញៀនមួយចំនួនធំ ព្រមទាំងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនមួយចំនួន៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរ ៤នាក់។
ក្នុងប្រតិបត្ដិការនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៣០នាទី កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបបទល្មើសជាក់ស្ដែង នៅភូមិសាស្រ្តរាជធានីភ្នំពេញ។
ជាក់ស្ដែងជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ មានឈ្មោះដូចជា៖ ឈ្មោះ SHI ZHEYUAN ភេទ ប្រុស ជនជាតិចិន អាយុ ៤១ឆ្នាំ, ឈ្មោះ ហាន ស័ក្តសិទ្ធិសុធីរ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ, ឈ្មោះ ភា រាជ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣២ឆ្នាំ, ឈ្មោះ កប ស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ។ វត្ថុតាងចាប់យក គ្រឿងញៀនមួយចំនួនធំ។
ការបង្ក្រាបនេះដោយផ្តើមចេញពីការស្ទាក់បង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនមួយចំនួនធំដល់រយគីឡូក្រាម កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៩៖៣០នាទី តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គា រដ្ឋា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។
ពេលចុះបង្ក្រាបនោះ មានការធ្លាយវីដេអូឃើញកម្លាំងសមត្ថកិច្ចមួយក្រុម មានទាំងស្លៀកពាក់ស៊ីវិល និងស្លៀកឯកសណ្ឋានជានគរបាល តែក្រោយការសួរនាំទៅ គឺជាកម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយកម្លាំងស្លៀកស៊ីវិលនោះ ជាក្រុមកម្លាំងភ្នាក់ងារសម្ងាត់។
ឆ្លងតាមការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនល្មើស, គ្រឿងញៀនទាំងនេះ ត្រូវបានពួកគេនាំចេញពីប្រទេសឡាវ មានគោលដៅទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសកម្ពុជា។
ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃបង្ក្រាប ទប់ស្គាត់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា បំណងនាំចេញទៅប្រទេសទី៣ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃគ្រឿងញៀន៕ដោយ៖តារា










