លៀសខុសច្បាប់ជាង ៣ តោន ត្រូវបានចាក់លែង ចូលក្នុងបឹងទន្លេសាបវិញ នៅតំបន់អភិរក្សបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ 

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៤និង៣០ ននាទីទាបភ្លឺ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្ម ការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងជាសមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប បានដាក់បទបញ្ជាដល់ ទី បញ្ជាការស្រាលប្រចាំការ នៅឃុំពាមបាង ស្រុកស្ទោង ធ្វើសកម្មភាពបង្ក្រាបបទល្មើស ការនេសាទលៀសដោយកម្លាំងម៉ាសុីននៅតំបន់អភរក្ស និងការដឹកជញ្ជូនលៀសខុសច្បាប់ ដោយរឹបអូសបានកាណូត ៦ គ្រឿង បានចាក់លែងលៀស ដែលនេសាទដោយខុស ច្បាប់ ប្រមាណជាងបីតោន កញ្ច្រែងឧបករណ៍នេសាទលៀសខុសច្បាប់មួយចំនួន នឹងធ្វើកិច្ចសន្យាអប់រំប្រជាពលរដ្ឋចំនួន ២៧ នាក់ ឱ្យបញ្ឈប់សកម្មភាពនេសាទលៀសខុសច្បាប់ នៅតំបន់អភិរក្សបាឡត ស្ថិត នៅក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

 

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមពីបញ្ជាការស្រាល និងលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោង ដែលដឹកនាំកងកម្លាំងចម្រុះបំពេញភារកិច្ចដោយផ្ទាល់បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។ កងកម្លាំងចម្រុះ បានឃាត់ និងសាកសួរប្រជាពលរដ្ឋចំនួន ២៧ នាក់ មកពីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងមធ្យោបាយកាណូត ចំនួន ៦ គ្រឿង ដែលបានមកនេសាទលៀសខុសច្បាប់ នៅតំបន់អភិរក្សបាឡត ។

 

ក្រោយពីការសាកសួរ ធ្វើកំណត់ហេតុនិងបានធ្វើកិច្ចសន្យាអប់រំប្រជាពលរដ្ឋ ដែលធ្វើនេសាទខុសច្បាប់រួចហើយ កងកម្លាំងចម្រុះបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងចំនួន ២៧ នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ។ ដោយឡែកវត្ថុតាងកាណូតទាំង ៦ គ្រឿង និងឧបករណ៍ផ្សេងទៀត ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល ។ ចំពោះប្រជានេសាទទាំង ២៧ នាក់ ត្រូវបានអនុញ្ញាត និនិងអញ្ជើញក្រុមគ្រួសារគាត់ឲ្យមកទទួលយក វិលត្រឡប់ទៅកាន់មូលដ្ឋានវិញ នៅឯខេត្តកំពង់ឆ្នាំងរួចហើយ។ រីឯលៀស ខុសច្បាប់ប្រមាណ ជាង ៣ តោន ត្រូវបានកងកម្លាំងចម្រុះ ចាក់លែងចូល ក្នុងបឹងទន្លេសាបវិញ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងការកោតសរសើរចំពោះកងកម្លាំងចម្រុះ ដែលបានអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់គណៈបញ្ជាការឯកភាព បង្ក្រាបបទ ល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្របឹងទន្លេសាប និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារធនធានមច្ឆជាតិ សម្រាប់សង្គមជាតិយើងទាំងអស់គ្នា និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កង កម្លាំងចម្រុះទាំងអស់ ត្រូវបន្តសហការគ្នាធ្វើសកម្មភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ ដើម្បីអនុវត្តឲ្យមាន ប្រសិទ្ធភាពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងលិខិតបទដ្ឋាននានាស្តីពីការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ របស់រដ្ឋបាលខេត្តកំពង់ធំ និងច្បាប់ស្ដីពីជលផល ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print