ភ្នំពេញ៖ យោងតាមវីដេអូឃ្លីបបានផ្ទុះការភ្ញាក់ផ្អើល និងវែកញែកគ្នានៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖”ហេតុអ្វីម្នាក់ៗគ្មានទំនួលខុសត្រូវបែបនេះ បើមានការប៉ះពារយ៉ាងណា គួរឈប់ ហើយចុះមកដោះស្រាយទៅល្អជាង ចៀសវាងការគេចវេសបែបនេះ”។
ជាក់ស្ដែងហ្វេសប៊ុករបស់លោក ស៊ន សុភ័ក្រ្ត បានសរសេរថា នេះជាហេតុការណ៍មួយ ដែលបុរសម្នាក់បើកផាស់អាប់ បានព្យាយាមរារាំងរថយន្តទំនើបមួយគ្រឿង ម៉ាក Cadillac Escalade ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2G-5678 ដើម្បីឱ្យអ្នកបើក និងអ្នកជិះខាងក្នុងឈប់ ហើយចុះមកដោះស្រាយជាមួយ តែអ្នកបើកដែលជាអង្គរក្សនោះ មិនព្រមឈប់ ហើយបន្តរុលទៅមុខ រហូតចេញបាត់ទៅ ដោយមានរថយន្តមួយគ្រឿងទៀត ម៉ាក ឡិចស៊ីស LX570 ពណ៍ខ្មៅ ដែលជាបងប្អូនបានមកជួយការពារ ដោយបញ្ជាឱ្យអ្នកបើកបរដែលជាអង្គរក្សរថយន្តបង្កបើករត់គេចខ្លួនបាត់។
សូមជម្រាបថា ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅតាមបណ្តាញសង្គម មហាជនបានរិះគន់ និងជេរប្រមាថយ៉ាងខ្លាំង ដែលអ្នកបើកបរគ្មានការទទួលខុសត្រូវបែបនេះ។
ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏បានសំណូមពរឱ្យសមត្ថកិច្ចជំនាញ ជាពិសេសលោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅអ្នកបើករថយន្តបង្ក ដើម្បីចូលខ្លួនមកដោះស្រាយ និងសងសំណងជូនជនរងគ្រោះជាម្ចាស់កង់បី ដែលគាត់រងរបួសជើង ហើយកង់បីរបស់គាត់បានរងការខូចខាតផងដែរ៕
ដោយ៖តារា










