ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនបង្ក្រាបករណីលួចបានទូរស័ព្ទ តែភ្លេចថាអត់មានអីសាកថ្ម មកលួចឆ្នាំងសាកម្ដងទៀត ហើយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋត្រូវសមត្ថកិច្ចស្វែងរកឃាត់ខ្លួន។
ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ- លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកនគរបាលយុត្តិធម៌ក្រុងច្បារមន និងបានសហការកម្លាំងប៉ុស្តិ៍រការធំ ស្រាវជ្រាវបង្រ្កាបមុខ សញ្ញាលួច ជាមុខសញ្ញាចាស់ (ករណី ឆក់ )។
កាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង០៤ /៣០ នាទី មានករណីចូល លួចយកទូរស័ព្ទ០១គ្រឿង ម៉ាក iPhone 14pro ពណ៍ស្វាយ ស្ថិតក្នុងតូបលក់ដូរ មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះផល សុឆាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ករណីខាងលើ បាន កសាង សំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តចាត់ការតាមនីតិវិធី ។ ចំណែកវត្ថុតាងIPhone 14 pro ពណ៍ស្វាយនឹង ឆ្នាំងសាក ត្រូវបានជំនាញនគរបាលយុត្តិធម៍ក្រុងច្បារមន ប្រគល់ជូនម្ចាស់ដើមវិញ ៕
ដោយ៖ សុរិយា










