ខេត្តកោះកុង ប្រមូលទិន្នផលនេសាទបាន៣៦៣០០តោន

ចែករំលែក៖

ខេត្តកោះកុង៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានបង្ហាញថា ៩ខែឆ្នាំ២០២៦នេះ ប្រជានេសាទបានប្រមូលទិន្នផលនេសាទបានប្រមាណ៣៦៣០០តោន។ ជាក់ស្តែងទិន្នផលនេសាទទាំងត្រូវបានដឹកជញ្ជូនទៅលក់នៅលើទីផ្សាររាជធានី និងបណ្តាខេត្តផ្សេងៗ។

តំណាងលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង គឺលោក ហ៊ិន ឡា នាយរងខណ្ រដ្ឋបាលជលផលខេត្ត ថ្លែងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈបទសម្ភាសន៍អំពីវឌ្ឍនភាពការងារថា ទិន្នផលដែលប្រមូលបានមាន៣៦.៣០០តោន បើធៀបនឹងរយៈពេលដូចឆ្នាំ២០២៥ មាន៣៦.៨៦០តោនគឺបានថយចុះ៥៦០តោន ស្មើនឹង២ភាគរយ។

បើតាមលោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ដដែល ប្រជានេសាទក៏បានប្រមូលទិន្នផលទឹកសាបមានចំនួន២៦តោន។ តួលេខទិន្នផលសមុទ្រថយចុះនេះ ដោយសារតែវិវាទបញ្ហាព្រំដែន ព្រោះប្រជានេសាទមិនហ៊ានចុះទៅនេសាទទឹកជ្រៅ។ ប្រេងឥន្ធនៈឡើងថ្លៃបណ្តាលឲ្យទួកនេសាទមួយចំនួនផ្អាកសកម្មភាព និងខ្វះខាតកម្លាំងពលកម្មនេសាទ គ្រាពួកគាត់បង្វែរទៅរកការងារសំណង់ រោងចក្រ និងការងារផ្សេងៗជំនួសវិញ។

ផលិតផលជលផលដែលប្រមូល ត្រូវបានប្រជានេសាទដឹកជញ្ចូនទៅលក់កាន់ទីផ្សារនៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តផ្សេងៗទៀត ចំពោះតម្លៃវិញសមរម្យតាមការបញ្ជាទិញពីឈ្នួញកណ្តាល។ ទិន្នផលនេសាទ មានដូចជា៖ បង្គារ មឹក ក្តាមសេះ ត្រីបេកា ត្រីឈាម ត្រីកន្ទុយវែង ត្រីក្រហម ត្រីកាម៉ុង និងត្រីជាច្រើនប្រភេទទៀត។

ក្រៅពីការប្រមូលទិន្នផលនេសាទ ខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះល្បាត និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់បានចំនួន៣៩ករណី បើធៀបនឹងរយៈពេលដូចគ្នាកើន៦ករណី។ បទល្មើសនេសាទ គឺការប្រើប្រាស់ឧបករណ៍ហាមឃាត់ និងលួចចូលនេសាទតំបន់ការពារអភិរក្សជាដើម។

សម្រាប់ទិសដៅបន្ត ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង នឹងបន្តសហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ។ ផ្សព្វផ្សាយច្បាប់ស្តីពីជលផល ផ្សព្វផ្សាយពីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ដល់សហគមន៍នេសាទ និងទម្លាក់ប្រអប់បេតុងជម្រកត្រីសិប្បនិមិត្តនៅក្នុងសហគមន៍នេសាទនានាដែលមានអង្គការអភិរក្សសមុទ្រកម្ពុជាជាដៃគូសហការ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print