សង្ស័យឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ក្រាំងធ្នង់ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងស្តុកសម្ភារៈមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅក្បែរនោះ រាយការណ៍សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ឃ្លាំងខាងលើត្រូវបានជួលឱ្យជនជាតិចិនប្រកបរបរកាត់កញ្ចក់ និង
ដែក។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ឃ្លាំងត្រូវបានបិទ ដោយទុកសម្រាប់តែជាកន្លែងសម្រាកប៉ុណ្ណោះ ខណៈក្រុមជនជាតិចិនទាំងនោះបានផ្លាស់ទៅ ឃ្លាំងថ្មីមួយទៀត ដើម្បីប្រកបអាជីវកម្មជាសិប្បកម្មផលិតបង្អួច និងទ្វារកញ្ចក់។នៅមុនពេលកេីតហេតុគេបានឃេីញផ្សែងនិងភ្លេីងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទេីបរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដេីម្បីអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចុះទៅដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យភ្លើងរាលដាលទៅកាន់ទីតាំងផ្សេងៗដែលនៅជិតខាង។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ដោយចំណាយពេលប្រមាណជាកន្លះម៉ោងក្នុងការអន្តរាគមន៍ ហើយអគ្គិភ័យបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៣និង១០ នាទីរសៀលថ្ងៃដដែល ដោយមិនមានការរាលដាលបន្តទៅកន្លែងផ្សេងឡើយ។

ប្រភពដដែលបានបញ្ជាក់ថា ឃ្លាំងដែលរងគ្រោះដោយអគ្គិភ័យនេះ មានទំហំប្រមាណ ២០ម៉ែត្រ គុណនឹង៧ម៉ែត្រ សាងសង់ឡើងពីគ្រោងដែក ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី។

យ៉ាងណាក៏ដោយ ជុំវិញករណីអគ្គិភ័យខាងលើនេះ ចំពោះមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print