ខេត្តឧត្តរមានជ័យ៖ មានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ករណីអំពើហិង្សាដ៏ឃោរឃៅមួយក្នុងរង្វង់គ្រួសារ ដែលបុរសជាឪពុកបង្កើតបានសម្រេចចិត្ត ប្រើប្រាស់កាំភ្លើងកែច្នៃបាញ់ប្រហារលើកូនប្រុសបង្កើតរបស់ខ្លួន បណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអធ័ម។
មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បណ្ដាលឱ្យយុវជនម្នាក់ឈ្មោះ រី រ៉ូ ស្លាប់ក្នុងថ្លុកឈាមដោយសារគ្រាប់កាំភ្លើងកែច្នៃ។ ក្រោយទទួលបានដំណឹនេះកម្លាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន រី អាយុ៦២ ឆ្នាំ ជាឪពុកបង្កើតភ្លាមៗ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមផ្លូវច្បាប់។
ការឃាត់ខ្លួនឪពុកបង្កើត ក្រោយយកកាំភ្លើងកែឆ្នៃបាញ់សម្លាប់កូនប្រុសខ្លួនឯង ដោយសារខឹងនឹងការប្រើប្រាស់គ្រឿងញៀន និងបង្ករឿងជាប្រចាំក្នុងគ្រួសារ ។ ជនស្ស័យជាឪពុកត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កសាងសំណុំរឿងចាត់ការតាមច្បាប់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
បច្ចុប្បន្ន ជនជាប់ចោទជាឃាតកខាងលើ រួមជាមួយវត្ថុតាងអាវុធកែច្នៃ៣ដើម មន្រ្តីជំនាញ កំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ។ រីឯមូលហេតុដែលឪពុកបង្កើត ដាច់ចិត្តផ្តាច់អាយុជីវិតកូនបង្កើតរបស់ខ្លួនឯងយ៉ាងសាហាវបែបនេះ ត្រូវអ្នក ជិតខាងបង្ហើបថា ដោយសារកូនប្រុសជាជនរងគ្រោះប្រើប្រាស់គ្រឿងញៀននិងអំពើហិង្សាក្នុងគ្រួសារ៕










