ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៣ខែវិច្ឆិកា នេះមន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការស្រាវជ្រាវនៅចំណុចបន្ទប់
ជួលខាងជើងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ អ៊ូក រិទ្ធី ហៅ ធី ភេទប្រុស អាយុ៣១ឆ្នាំ (ជួលបន្ទប់ស្នាក់ដើម្បីជួញដូរសាធាតុញៀន ) ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានបញ្ជាក់ថា មុនឈានទៅបើកកិច្ចប្រតិបត្ដិការនេះ កំលាំងបានទទួលនូវព័ត៌មានពីមហាជនល្អដែលបានរាយការណ៍សមត្ថកិច្ចបានធ្វើការស៊ើបបញ្ជាក់និងឈានទៅបង្រ្កាបតែម្ដង ជាក់ស្ដែងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ (មធ្យម១-ធំ៣), ជញ្ជីងអេឡិចត្រូនិច១គ្រឿង,ទូរស័ព្ទដៃ១គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន បន្តចាត់ការតាមនីតិវិធី៕










