ខ្សែប្រយុទ្ធក្លឹប CD Tenerife កីឡាករ Jesús de Miguel បានទទួលមរណភាពកាលពីថ្ងៃអង្គារ ក្នុងវ័យ ៣០ ឆ្នាំ គឺមួយថ្ងៃបន្ទាប់ពីរូបគេបានជួបបញ្ហាគាំងបេះដូង ក្រោយមានហេតុការណ៍ប៉ះទង្គិចគ្នាក្នុងការប្រកួត។ នេះបើតាមការបញ្ជាក់របស់ក្លឹបអេស្ប៉ាញដែលកំពុងប្រកួតក្នុងលីគលំដាប់ទី២។
ក្លឹប Tenerife បានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញពីទុក្ខសោកយ៉ាងខ្លាំងថា៖ «ដោយបេះដូងពោរពេញដោយការឈឺចាប់ បំពង់កស្ទះដោយភាពសោកសៅ និងមិនអាចជឿថារឿងនេះជាការពិតបាន ក្លឹប CD Tenerife សូមជម្រាបជូនអំពីមរណភាពដ៏សោកសៅរបស់កីឡាករ Jesús de Miguel Alameda»។
ក្លឹបបានបន្ថែមថា៖«គ្មានពាក្យណាអាចលួងលោមបានឡើយ ហើយក៏គ្មានអ្វីអាចបន្ធូរបន្ថយអារម្មណ៍សោកសៅដ៏ជ្រាលជ្រៅនេះបានដែរ»។
ការប្រកួតរវាង Tenerife និង FC Andorra ត្រូវបានសម្រេចបញ្ឈប់នៅនាទីទី៧ នៃម៉ោងបន្ថែម បន្ទាប់ពី De Miguel ដួលសន្លប់ ក្រោយប៉ះទង្គិចជាមួយអ្នកចាំទីក្រុមភ្ញៀវ Jesús Owono។
ហេតុការណ៍បានកើតឡើងនៅពេលអ្នកចាំទី Owono រត់ចេញពីតំបន់ប្រអប់គ្រោះថ្នាក់របស់ខ្លួន ដើម្បីទាត់បាល់វែងចេញពីតំបន់ការពារ ប៉ុន្តែជង្គង់របស់គេបានបុកចំដើមទ្រូងរបស់ខ្សែប្រយុទ្ធ De Miguel។
ក្រោយការប៉ះទង្គិច De Miguel បានដេកសន្លប់មិនកម្រើក ខណៈកីឡាកររបស់ក្រុមទាំងពីរបានប្រញាប់ប្រញាល់សុំជំនួយផ្នែកវេជ្ជសាស្ត្រ។ ចំណែកអ្នកចាំទី Owono ត្រូវបានអាជ្ញាកណ្តាលបង្ហាញកាតក្រហមដោយផ្ទាល់។
ក្រុមគ្រូពេទ្យបានចំណាយពេលជាង ៥ នាទី ដើម្បីជួយសង្គ្រោះកីឡាករនៅលើទីលាន មុនពេលបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់។
ក្រោយទទួលដំណឹងដ៏សោកសៅនេះ ក្លឹបបាល់ទាត់ជាច្រើននៅទូទាំងប្រទេសអេស្ប៉ាញ រួមទាំងក្លឹបធំៗដូចជា Barcelona និង Real Madrid បានចូលរួមសម្តែងការរំលែកទុក្ខចំពោះការបាត់បង់នេះ។
ក្លិប Barcelona បានចេញសេចក្តីថ្លែងការណ៍ថា៖ «យើងសូមផ្ញើការគិតគូរ និងការគាំទ្ររបស់យើងទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់គាត់ ក្នុងអំឡុងពេលដ៏លំបាកនេះ»។
ចំណែកក្លិប Real Madrid ក៏បានសម្តែងការសោកស្តាយ និងរំលែកទុក្ខផងដែរថា៖«Real Madrid សូមចូលរួមរំលែកទុក្ខ និងបង្ហាញនូវក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ មិត្តរួមក្រុម ក្លឹប និងមនុស្សជាទីស្រឡាញ់ទាំងអស់របស់គាត់»៕










