ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី «ការអភិវឌ្ឍ និងសុវត្ថិភាពសង្គម» របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដើម្បីបង្ហាញអំពីការអភិវឌ្ឍ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តស្ទឹងត្រែង។
សូមជម្រាបជូនថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យផលិតកម្មវិធី «ការអភិវឌ្ឍ និងសុវត្ថិភាពសង្គម» របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដើម្បីចុះធ្វើកិច្ចសម្ភាសន៍ ផ្ដិតរូបភាព និងសកម្មភាពជាក់ស្ដែងនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយជូនសាធារណជន។
កម្មវិធីនេះ រៀបចំធ្វើឡើង ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសមិទ្ធផលនៃការអភិវឌ្ឍ និងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងសកម្មភាពការងាររបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច នៅតាមមូលដ្ឋានរាជធានី-ខេត្ត ទាំង២៥៕
ដោយ ៖ សិលា















