កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន៩នាក់ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន០៩នាក់ ពីទីតាំងផ្សេងគ្នាក្រោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

 

ប្រតិបត្តិការទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រក្នុងខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនក្មេងទំនើងបានចំនួន៨នាក់បន្ថែមទៀត ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដោយបានប្រព្រឹត្តកាលពីវេលាម៉ោង ២១:៥៥នាទី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ Caltex ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

 

ក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ទី១-ឈ្មោះ កាន់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ,ទី២- ឈ្មោះ ឈាង ឈុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៣-ឈ្មោះ ពេញ សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ,ទី៤-ឈ្មោះ រិត សុគុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៥-ឈ្មោះ ស៊ឺន សេថាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខ របរជាងម៉ូតូ, ទី-៦ឈ្មោះ សយ ឈឺន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៧ឈ្មោះ សៅ សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ និងទី៨-ឈ្មោះ អុន វិឈិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូចំនួន០៤គ្រឿងនិងទូរស័ព្ទចំនួន៨គ្រឿងផងដែរ។

 

ប្រតិបត្តិការទី២ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនក្មេងទំនើងបានចំនួន០១នាក់ មានឈ្មោះ វណ្ណៈ សេដ្ឋៈ ភេទប្រុស អាយ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលបានធ្វើ សកម្មភាពបង្ហោះម៉ូតូ ដោយប្រព្រឹត្តកាលពីវេលាម៉ោង២៣:០០នាទី នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចលើផ្លូវលេខ១៣០ ស្ថិតនៅក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ព្រមទាំងចាប់យកវត្ថុតាងបានករួមមាន:ម៉ូតូចំនួន១គ្រឿង(ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MB-8243) និងទូរស័ព្ទចំនួន១គ្រឿង។

 

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៩នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print