កម្មករជាង ២,០០០នាក់ធ្វើការនៅក្រុមហ៊ុន ប្រាយ ហ្វ្លាស់ស៊ីង(Bright Flushing Co., Ltd.)នាំគ្នាតវ៉ាភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនកាត់ប្រាក់ថ្លៃធ្វើដំណើរ ២.៥០ ដុល្លារក្នុងម្នាក់ៗ

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្មករ កម្មការិនី ប្រមាណជាង ២,០០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក (Bright Flushing Co., Ltd.) បាននាំគ្នាធ្វើការតវ៉ាភ្លាមៗ នៅទីតាំងរោងចក្រស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមប្រភពកម្មករម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មូលហេតុនៃការតវ៉ានេះគឺដោយសារក្រុមហ៊ុនបានកាត់ប្រាក់ថ្លៃធ្វើដំណើរចំនួន ២.៥០ ដុល្លារ ក្នុងម្នាក់ ដែលធ្វើឱ្យកម្មករ កម្មការិនី មានការមិនពេញចិត្ត និងទាមទារឱ្យក្រុមហ៊ុនពិនិត្យឡើងវិញ។

កម្មការិនីម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការកាត់ប្រាក់នេះបានប៉ះពាល់ដល់ប្រាក់ចំណូល និងការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ដោយស្នើសុំឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងស្វែងរកដំណោះស្រាយសមស្របជូនកម្មករ។

ជាមួយគ្នានេះ ក្រុមកម្មករ កម្មការិនី ក៏បានអំពាវនាវដល់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ សម្របសម្រួល និងពន្លឿនការដោះស្រាយវិវាទការងារនេះ ដើម្បីរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី ស្របតាមច្បាប់ការងារ និងគោលការណ៍នៃទំនាក់ទំនងវិជ្ជាជីវៈ។

គិតត្រឹមពេលម៉ោង២រសៀលនេះ ការតវ៉ាបានប្រព្រឹត្តទៅដោយសន្តិវិធី ខណៈកម្មករ កម្មការិនី នៅបន្តរង់ចាំការបកស្រាយ និងដំណោះស្រាយពីភាគីក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print