ខេត្តកំពង់ចាម៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងកម្លាំងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងចាក់លែងត្រីចម្រុះចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដោយមានលទ្ធផលដូចខាងក្រោម៖
ករណីទី១៖ នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ រួមមាន៖ ឧបករណ៍ស្បៃមុងចំនួន ៧មាត់. របាំងស្បៃមុងប្រវែង ២៣០ម៉ែត្រ,បង្គោលចម្រឹងចំនួន ១១០ ដើម,ចាក់លែងត្រីចម្រុះទម្ងន់ ៩គីឡូក្រាម។
ករណីទី២៖ នៅចំណុចមុខវត្តកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ រួមមាន៖ ឧបករណ៍ស្បៃមុងចំនួន ៤មាត់ . របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ
បង្គោលចម្រឹងចំនួន ៦០ដើម. ចាក់លែងត្រីចម្រុះទម្ងន់ ៦គីឡូក្រាម ។
ជាមួយគ្នានេះ ក្រុមការងារបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេ បឹង និងព្រែក ក្នុងភូមិសាស្ត្រតាមបណ្តាស្រុកនានានៃខេត្តកំពង់ចាម ព្រមទាំងបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជានេសាទ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលឱ្យបានគង់វង្ស និងមាននិរន្តរភាព ៕
ដោយ៖ សុរិយា










