Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋ ចំនួន ១១.០០០ គ្រួសារ  ដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ​២០២៦នេះ​ ចូលរួមចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋ ចំនួន ១១.០០០ គ្រួសារ  ដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់។

នាឱកាសនោះ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា​ ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងផលកសិកម្មរបស់ប្រជាពលរដ្ឋ។ គ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់ក្រុង ស្រុកចំនួន៦ ឃុំ សង្កាត់ចំនួន២៦ ស្មើនឹង១៦១ភូមិ ប្រជាពលរដ្ឋចំនួន៣.៨៤២គ្រួសារ និងផ្ទះចំនួន២.៥០៤ខ្នង។ ក្នុងនោះ មានដំណាំស្រូវចំនួន៥.៦៦៤ហិកតា និងដំណាំឧស្សាហកម្មចំនួន៣៦៣ហិកតា រងផលប៉ះពាល់ ព្រមទាំងផ្លូវប្រវែង៥៣.៧៧០ម៉ែត្រ លូ១២កន្លែង សាលារៀន៥កន្លែង ស្ពាន៣កន្លែង អណ្ដូងទឹក២៥អណ្ដូង និងទ្វារទឹក២កន្លែង។

សម្ដេចធិបតី​ បានគូសបញ្ជាក់ថា​ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត ការពារសុវត្ថិភាព និងផ្តល់ជំនួយសង្គ្រោះចាំបាច់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងយកចិត្តទុកដាក់លើការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈចាំបាច់ ដើម្បីសម្រាលការលំបាក និងជួយស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

...

ជាមួយគ្នានេះ សម្តេចធិបតី​ សូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការជួយសង្គ្រោះបន្ទាន់ ការផ្តល់ជំនួយស្បៀងអាហារ និងសម្ភារៈចាំបាច់ ព្រមទាំងការការពារសុវត្ថិភាព និងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្នុងគ្រាលំបាក ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមមុខ នឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ និងការជួយគាំទ្រនោះឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print