ទីក្រុងបេកាំង៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីកាលពីថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ម្សិលមិញថា ចិនក្នុងនាមជាបង្អែកយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការដើរលើផ្លូវអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិផ្ទាល់ខ្លួន និងប្ដេជ្ញារួមគ្នាបង្រ្កាបទ្រង់ទ្រាយធំ Online Scams)។
រដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការទំនាក់ទំនងយុទ្ធសាស្ត្រជាមួយកម្ពុជា រួមគ្នាឆ្លើយតបនឹងបម្រែបម្រួល និងការប្រឈមពីខាងក្រៅ ព្រមទាំងជំរុញដំណើរការធ្វើទំនើបកម្មនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យភាគីទាំងពីររៀបចំផែនការឱ្យបានហ្មត់ចត់ សម្រាប់បេសកកម្មផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៅដំណាក់កាលបន្ទាប់ និងរួមគ្នាការពារផលប្រយោជន៍យុទ្ធសាស្ត្ររួម ព្រមទាំងជម្រុញ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងស្រូវ» ឱ្យកាន់តែមានប្រសិទ្ធភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យជាក់ស្តែងផ្សេងៗទៀត។
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែបន្តបង្រ្កាបយ៉ាងចាស់ដៃលើបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត (Online Scams) ដោយធានាមិនឱ្យបទល្មើសទាំងនេះអាចងើបឡើងវិញបានឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការអរគុណភាគីចិន ក្នុងការជួយសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមរយៈការចរចា។លោក គូសបញ្ជាក់ថា កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអនុវត្តកុងសង់ស៊ីសសំខាន់ៗដែលថ្នាក់ដឹកនាំបានព្រមព្រៀងគ្នា ពង្រឹងការស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ បន្តបង្រ្កាបល្បែងភ្នាល់តាមអ៊ីនធឺណិត និងបទល្មើសឆបោកតាមទូរគមនាគមន៍ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕
ដោយ៖តារា










