ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Camry Hybrid ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ហាក់ដូចជាងោកមួយភាំង ក៏រ៉េចង្កូតទៅបុកពីក្រោយរថយន្តម៉ាក Mercedes ដែលម្ចាស់បានចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។ សំណាងល្អ មិនបង្កឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្បែររង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CQ-0606 បើកមកឈប់ចតនៅលើចិញ្ចើមផ្លូវ។ លុះមួយសន្ទុះក្រោយមក ក៏មានរថយន្តម៉ាក Camry Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-1863 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្ត Camry Hybrid ហាក់មានអាការៈមិនស្រួលខ្លួន រហូតងងឹតមុខ និងរ៉េចង្កូតទៅបុកពីក្រោយរថយន្ត Mercedes ដែលកំពុងចតនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យផ្នែកខាងក្រោយរថយន្ត Mercedes រងការខូចខាតយ៉ាងដំណំ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុ ដោយសារភាគីម្ចាស់រថយន្តទាំងពីរមិនអាចសម្របសម្រួលគ្នាបាន សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ










