នគរបាលទប់ស្កាត់ពលករខ្មែរចំនួន២៧នាក់បម្រុងធ្វើដំណើរឆ្លងដែន ទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីចំនួន២៧នាក់និងមានកុមារតូចៗ១៣នាក់ទៀតទៅតាមឳពុកម្តាយ មកពីខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យជិះតាមរថយន្តបម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសហការនិងនគរបាលប៉ុស្ថិ៍ព្រំដែនវរៈ៩១១ ឈរជើងនៅឃុំអូរបីជាន់  និងនគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំអូរបីជាន់ធ្វើការទប់ស្កាត់មិនឱ្យពលករទាំងនោះបន្តដំណើរចូលទៅប្រទេសថៃខុសច្បាប់ទាំងប្រថុយប្រថាន នោះឡើយ។ការទប់ស្កាត់ពលករទាំងនោះធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំក្រវ៉ាត់ព្រំដែនមួយកន្លែង ក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

173

សមត្ថកិច្ចទប់ស្កាត់ពលករខ្មែរទាំង២៧នាក់ខាងលើគឺក្នុងគោលបំណងដើម្បីសុវត្ថិភាពរបស់ពួកគាត់គ្រាដែលមានការឆ្លងដែនខុសច្បាប់ត្រូវគេមើលឃើញថាធ្វើឱ្យពលករទាំងនោះអាច និងប្រឈមរង់ការគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាត្រូវទាហានថៃបាញ់សម្លាប់  ចាប់ដាក់គុកនិងធ្វើទារុណកម្ម  ជិះរថយន្តរត់គេចពីការតាមចាប់ខ្លួនរបស់ទាហានថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងរបួស  ប្រឈមនិងចាញ់បោកមេខ្យល់កងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ ជាដើម។បញ្ហាប្រឈមទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាមានពលករខ្មែរមួយចំនួនក៏ធ្លាប់រងគ្រោះបែបនោះនៅក្នុងប្រទេសថៃរួចហើយផងដែរ ។

ពាក់ព័ន្ធនិងការឆ្លងដែនទៅរកការងារធ្វើខុសច្បាប់របស់ពលករខ្មែរខាងលើ ត្រូវពលករ ទាំងនោះប្រាប់សមត្ថកិច្ចថាពួកគាត់គ្រោងនិងចេញឆ្លងដែនខុសច្បាប់ទៅធ្វើការងារជាកម្មករធ្វើចំការនៅក្នុងប្រទេសថៃហើយឆ្លងដែនតាមច្រករបៀងក្តិបថ្ម ក្នុងភូមិសាស្រ្តស្រុកស្វាយចេកគ្រប់គ្រងដោយក្រុមយោធាអភិវឌ្ឍយោធភូមិភាគ៥ ហើយបង់ប្រាក់ទៅឱ្យយោធាឈរជើងនៅច្រករបៀងនោះក្នុងម្នាក់៥ពាន់រៀល។ពាក់ព័ន្ធនិងការលើកឡើងយកប្រាក់ជាថ្នូរឱ្យពលករឆ្លងដែនខុសច្បាប់តាមច្រករបៀងក្តិបថ្ម  របស់ពលករខ្មែរ អ្នកយកព័ត៌មានយើងមិនរកការសុំបំភ្លឺ បានឡើយពីមេបញ្ជាការអង្គភាពយោធាអភិវឌ្ឍយោធភូមិភាគ៥ នោះបានទេ ។

លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា ការចុះទប់ស្កាត់ទៅលើពលករខាងលើធ្វើ ឡើងនៅពេលដែលសមត្ថកិច្ចល្បាតតាមព្រំដែនហើយប្រទះឃើញពលករទាំងនោះកំពុងតែ ដើរតាមរថយន្តចំនួន៣គ្រឿងដឹកអីវ៉ាន់សំពីងសំពោងនិងមានកូនតូចៗទៅជាមួយ ដែលបម្រុងចេញទៅឆ្លងដែនខុសច្បាប់ ។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា កម្លាំងនគរបាលចុះទប់ស្កាត់ទៅលើពលករខ្មែរធ្វើចំណាកស្រុកខុសច្បាប់គឺដោយមានការដាក់ចេញនូវវិធានការម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យកម្លាំងការិយាល័យជំនាញនិងកម្លាំងនគរបាលពាក់ព័ន្ធនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តការងារទប់ស្កាត់ពលករខ្មែរឱ្យមានប្រសិទ្ធភាពដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ដល់ អាយុជីវិតពលករខ្មែរ ដោយប្រការណាមួយ ទៅលើការឆ្លងដែនខុសច្បាប់នោះ។

ពលករទាំង២៧នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀត ហើយសមត្ថកិច្ចក៏បានដោះលែងឱ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ ៕

164

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print