ឃាត់ខ្លួនជនសង្ស័យញៀនថ្នាំម្នាក់ ក្រោយចូលគាស់ផ្ទះចម្ការពលរដ្ឋហូតខ្សែភ្លើង និងគាស់ព្រីភ្លើងខ្ទេចខ្ទីអស់

ចែករំលែក៖

ខេត្តកណ្ដាល÷ជនសង្ស័យញៀនថ្នាំចំនួន ១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែករកាចុះឃាត់ខ្លួនដល់កន្លែង បន្ទាប់ពីរូបគេបានចូលទៅគាស់ផ្ទះចម្ការរបស់ប្រជាពលរដ្ឋ ដើម្បីហូតយកខ្សែភ្លើង និងរុះរើឥវ៉ាន់រាយប៉ាយពេញផ្ទះ។ ករណីអំពើលួចនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៨នាទី ថ្ងៃត្រង់ កាលពីថ្ងៃ ទី៣ វិច្ឆិកា ២០២៦ នៅផ្ទះចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

 

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ផេង ម៉េង (ស្រី, ៥៨ឆ្នាំ) មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពដដែលបានបន្តថា ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ លី វាន្នី (ប្រុស, ២៩ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង និងមានសារធាតុញៀនក្នុងទឹកនោម។ ភ្លាមៗនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានកន្ត្រៃសម្រាប់កាត់ខ្សែភ្លើងចំនួន ១ដង និងញញួរចំនួន ១ផ្លែ ដែលបន្សល់ទុកនៅកន្លែងកើត ហេតុ។ នៅក្នុងហេតុការណ៍នេះ ជនរងគ្រោះបានបាត់បង់ខ្សែភ្លើងមួយចំនួន និងអំពូលភ្លើងចំនួន ២ ព្រមទាំងខូចខាតកុងតាក់ភ្លើងចំនួន ៨ ព្រីភ្លើងចំនួន ១៣ និងជើងចាប់អំពូលចំនួន ១។

 

ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ ដើម្បីមកមើលផ្ទះចម្ការរបស់ខ្លួននៅកន្លែងកើតហេតុ។ លុះពេលមកដល់ ជនរងគ្រោះក៏បានឃើញជនសង្ស័យដើរចេញពីក្នុងផ្ទះចម្ការរបស់ខ្លួន ដោយមានកាន់កាំបិតខ្វាវផងដែរ។ ពេលឃើញម្ចាស់ផ្ទះ ជនសង្ស័យក៏បានរត់លូនតាមរបងចេញទៅក្រៅបាត់។ ក្រោយមក ពេលជនរងគ្រោះចូលទៅមើលក្នុងផ្ទះ ក៏ឃើញមានស្នាមគាស់សោទ្វារ និងគាស់ព្រីភ្លើងហូតខ្សែភ្លើងអស់គ្មានសល់ ចំណែកចានឆ្នាំង និងសម្លៀកបំពាក់ត្រូវរុះរើរាយប៉ាយពេញផ្ទះ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបានតែម្តង។

 

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print