លៀសចំនួនជាង ៤ តោន ថ្មីទៀត ត្រូវបានចាក់លែងចូលក្នុងបឹងទន្លេសាប ក្នុងកិច្ចប្រតិបត្តិការម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ធំ÷ នៅវេលាម៉ោង ២​ និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥​ ខែវិច្ឆិកា ឆ្នាំ ២០២៦​ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទី បញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង​ ស្រុកស្ទោង បានសហការជាមួយលោក ហ៊ួន​ ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចាប់ឃាត់បទល្មើសនេសាទលៀស​ខុសច្បាប់ ដោយប្រើ ប្រាស់ឧបករណ៍ឈ្នាងអូសលៀសដោយម៉ាស៊ីន នៅតំបន់ខាងមុខបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្នុងកិច្ចប្រតិបត្តិការនេះ លោកអនុសេនីយ៍ឯក លុយ សុភាព និងលោក ហ៊ួន ផល បានបញ្ជាក់ថា៖ នៅវេលារំលងអធ្រាត្រម៉ោង ២​ និង ៣០​ នាទី ថ្ងៃទី ៥​ ខែវិច្ឆិកា ឆ្នាំ ២០២៦​ មានប្រជាពលរដ្ឋចំនួន ១៨​ នាក់ ក្នុងនោះមានស្ត្រីមួយរូបផងដែរ បានកំពុងនេសាទលៀស​ ដោយប្រើប្រាស់ឈ្នាងអូសលៀសដោយម៉ាស៊ីនខុសច្បាប់ ដែលមានកាណូតបាឡាស្មាច់ ភ្ជាប់ដោយម៉ាស៊ីនចំនួន ៥​ គ្រឿង ឈ្នាង និងកញ្ជ្រែងសម្រាប់រែងលៀស​ចំនួន​ ៤​ គ្រឿង និងកាណូតមួយគ្រឿងសម្រាប់ផ្ទុកលៀសដែលនេសាទបាន​ ។ ក្រោយការសាកសួរពួកគាត់បានបញ្ជាក់ថា៖ គាត់មានទីលំនៅ នៅភូមិផ្សារឃ្លាំងក្រោម ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប តែបច្ចុប្បន្ននេះ ស្នាក់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្រោយការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច​ កងកម្លាំង​ចម្រុះ​បានអនុញ្ញាតអញ្ជើញឲ្យពួកគាត់វិលត្រឡប់ទៅកាន់មូលដ្ឋានវិញដោយសុវត្ថិភាព​។ រីឯវត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលពាមបាង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

នៅក្នុងឱកាសនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលពាមបាង បានចាក់លែងលៀសចំនួនជាង ៤,៥០០ គីឡូក្រាម ដែលបាននេសាទខុសពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការហាមឃាត់ជាបណ្ដោះអាសន្នចំពោះអាជីវកម្មនេសាទលៀសគ្រប់រូបភាពនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចូលក្នុងបឹងទន្លេសាបវិញ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសំបូរឡើងវិញសម្រាប់សង្គមជាតិយើង និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងចម្រុះទាំងអស់ ​ត្រូវបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹមក្នុងការបង្ក្រាបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឲ្យទទួលបានជោគជ័យតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print