ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្ម ការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្តល់ បច្ចុប្បន្នភាពស្តីពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជូនដល់សមាជិកអង្គទូតបរទេស និងតំណាងអង្គការអន្តរ ជាតិប្រចាំកម្ពុជាចំនួន ៤៦ រូប ដោយផ្ទាល់ ព្រមទាំងតំណាងស្ថានតំណាងកម្ពុជានៅក្រៅប្រទេសចំនួន ១៨ រូប តាម ប្រព័ន្ធនិម្មិត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោមកិច្ចសម្របសម្រួលដោយ លោកស្រី អ៊ាត សោភា រដ្ឋ លេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជាន់ខ្ពស់មកពីលេខាធិការដ្ឋានគ.ប.ឆ.ប. ផងដែរ។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរម៉ឺងម៉ាត់ និងទិសដៅយុទ្ធសា ស្រ្តចម្បង ៣ យ៉ាង ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែក្តាប់ជាប់ និងអនុវត្តដោយគ្មានការដកដៃឡើយ៖
១. ការអនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ (Phnom Penh Declaration)៖ កម្ពុជាបន្តការ អនុវត្តយ៉ាងមុះមុតនូវការប្តេជ្ញាចិត្តសំខាន់ៗចំនួន ១១ ចំណុច នៃសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាទទួលយក ព័ត៌មានពាក់ព័ន្ធនឹងវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបុគ្គល និងនីតិបុគ្គលដែលពាក់ព័ន្ធនឹងបណ្តាញ Prince Group ដោយកម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ដោយកសាងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ (រួមមាន FBI និង Interpol) ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនឆ្លងដែន ទាំងនេះឱ្យដល់ឫសគល់។
២. ការលុបបំបាត់អំពើជួញដូរមនុស្ស និងការផ្តល់កិច្ចគាំពារដល់ជនរងគ្រោះ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាព ខ្ពស់បំផុតក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនបរទេសដែលចាញ់បោកក្រុម ឧក្រិដ្ឋជន ដើម្បីផ្តល់កិច្ចការពារ និងសម្របសម្រួលមាតុភូមិនិវត្តន៍ស្របតាមនីតិវិធីច្បាប់ និងនិយាមមនុស្សធម៌អន្តរ ជាតិ។ ទន្ទឹមនឹងនេះ លោកសន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះបុគ្គល ឬជនបរទេសទាំងឡាយណា ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពឆបោកដើម្បីប្រាក់ខែ ឬលួចបន្តធ្វើសកម្មភាពខុសច្បាប់ មិនអាចចាត់ទុកជាជន រងគ្រោះបានឡើយ ហើយត្រូវតែប្រឈមមុខចំពោះមុខច្បាប់ជាដាច់ខាត។
៣. ការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើមេខ្លោង និងការកាត់ផ្តាច់ចរន្តលាងសម្អាតប្រាក់៖ កម្ពុជាបានបង្កើន ចំណាត់ការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាព ដោយមិនចាំបាច់រង់ចាំបណ្ដឹងពីជនរងគ្រោះនោះទេ ពោលគឺប្រើប្រាស់ ភស្តុតាងឌីជីថលពីឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសក្រុមមេខ្លោង។ លើសពីនេះ សមត្ថកិច្ចបាននិងកំពុងបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការបិទបាំងប្រភពទ្រព្យសម្បត្តិ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) និងកាស៊ីណូដែលបន្លំធ្វើអាជីវកម្មល្បែងស៊ីសងអនឡាញ។ ជាលទ្ធផល ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ អាជ្ញាធរបាន ដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៨ ដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តាញ Prince Group របស់ Chen Zhi និង លី គួង និងបាន ព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ចំនួន ១០ ផ្សេងទៀត។
លោកសន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី បានជម្រាបអំពីលទ្ធផលនៃយុទ្ធនាការបោសសម្អាតOnline Scams ទូទាំង ប្រទេស ជូនដល់អង្គប្រជុំនាឱកាសនោះថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាត់វិធានការលើទីតាំងសង្ស័យចំនួន ៩៧២កន្លែង និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន ៥៦៨ករណី។ ជាលទ្ធផល ជនសង្ស័យចំនួន ៥,០៣២នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនប ណ្តោះអាសន្ទរង់ចាំការអនុវត្តនីតិវិធីរបស់តុលាការ ខណៈជនបរទេសចំនួន ២៣,៧៦០នាក់ មាន៣៨សញ្ជាតិ ត្រូវ បានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសដើមវិញ។ បន្ថែមពីនេះ ប្រាក់ក្នុងគណនីធនាគារចំនួនជាង ៣០០លានដុល្លារ រួម ទាំងទ្រព្យសម្បត្តិចលន និងអចលនទ្រព្យតម្លៃរាប់រយលានដុល្លារផ្សេងទៀត ត្រូវបានបង្កក និងឈានទៅអនុវត្តនីតិ វិធីរឹបអូសតាមច្បាប់ជាធរមាន។
ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអន្តរជាតិ ទាំងអស់ និងបានអំពាវនាវឱ្យបណ្តាប្រទេសជាដៃគូ អង្គការ សារព័ត៌មានជាតិ-អន្តរជាតិ បន្តជួយផ្តល់ព័ត៌មាន តម្រុយ និងភស្តុតាងជាក់ស្តែងមកអាជ្ញាធរកម្ពុជា ដើម្បីរួមគ្នាបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន នេះឱ្យអស់ពីកម្ពុជា៕
ដោយ៖តារា










