សារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពថា កងកម្លាំងយោធារបស់អ៉ីរ៉ង់បច្ចុប្បន្ន មានភាពខ្លាំងក្លារឹងមាំនិងកម្លាំងចិត្តខ្ពស់ជាងកាលពីពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ចាប់ផ្តើមបង្កសង្គ្រាម កាលពីខែកុម្ភៈទៅទៀត។
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តីលោក Mohammad Akraminia ដូច្នេះថា «បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ក្រោយទទួលបានបទពិសោធន៍ពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ជាងមុន និងមានភាពខ្លាំងក្លាជាងពេលចាប់ផ្តើមសង្គ្រាម»។ លោកបន្ថែមថា «ឥឡូវនេះ ពួកគេមានកម្លាំងចិត្ត ការប្តេជ្ញាចិត្ត និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់»។
សង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំនេះ នៅពេលអាមេរិកនិងអ៉ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ខណៈវាបានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ។ ទីក្រុងតេហេរ៉ង់ បានព្យាយាមរឹតត្បិតការធ្វើចរាចរណ៍របស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្លាប់បម្រើជាផ្លូវដឹកជញ្ជូនប្រេង២០ភាគរយ នៃការប្រើប្រាស់ប្រេងជាសកល។
លោក Akraminia បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នៅតែកំពុងគ្រប់គ្រងច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះ ហើយច្រកសមុទ្រ Hormuz នឹងបន្តបិទ រហូតទាល់តែសហរដ្ឋអាមេរិក យល់ព្រមតាមការទាមទាររបស់ទីក្រុងតេហេរ៉ង់។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ក្នុងសប្តាហ៍នេះថា មានការវាយប្រហារថ្មីលើប្រទេសអ៉ីរ៉ង់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាំគ្នារាយការណ៍ថា ការវាយប្រហារបានកើតឡើងចំពោះកោះ Qeshm របស់អ៉ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz៕

រូបថត: Reuters









