ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីអ្នកបើកបរបើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន រហូតរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ខូចចំនួនមួយកង់។ ចំណែកអ្នកបើកបរបានបើកទ្វារចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CM-7174 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន រថយន្តក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ខូចចំនួនមួយកង់ ខណៈរថយន្តរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ។ ភ្លាមៗនោះ អ្នកបើកបរបានបើកទ្វារចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានយករថយន្តបង្កទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ










