ភ្នំពេញ៖ ដើម្បីសម្រួលសមត្ថភាព កីឡាករកីឡាការិនីរបស់ខ្លួនឲ្យមានភាពល្អប្រសើរឡើងទាំងកំណើននិងបច្ចេកទេស នោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានសម្រេចដាក់វិញ្ញាសាចំនួន១០ចែកចេញជា២គឺកាយសម្ព័ន្ធ Aerobic មានចំនួន៥ វិញ្ញាសានិងកាយសម្ព័ន្ធ Artistic៥វិញ្ញាសាដូចជាវិញ្ញាសាប្រកួតឯកត្តជនបុរស-នារី, វិញ្ញាសាគូ, វិញ្ញាសា៣នាក់(Trio) និង វិញ្ញាសា ជាក្រុម ។ នេះបើតាមការអះអាងរបស់ លោក ណយ ផាន់ណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។
លោក ណយ ផាន់ណា បានឲ្យដឹងថា ចំពោះកាយសម្ព័ន្ធ Artistic វិញ្ញាសាទាំង៥នោះគឺប្រកួតឯកត្តជនបុរសលេងជាមួយ ឧបករណ៍ជំនាញលើកម្រាលជំនាញសេះ លោតជំនាញកង និងក្រុម៦នាក់សរុប ឧបករណ៍ទាំងអស់ ។
លោកអគ្គលេខាធិការបានបន្តទៀតថា បច្ចុប្បន្នប្រភេទកីឡាកាយសម្ព័ន្ធមានតែ ក្លិប៥ប៉ុណ្ណោះ គឺភ្នំពេញ ក្រចេះ តាកែវ និង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះរាជធានីភ្នំពេញមានកីឡាករ៩នាក់ កីឡាការិនី ៦នាក់។ ខេត្តតាកែវមានកីឡាករ៩នាក់កីឡាការិនី៣នាក់ខេត្តកំពង់ឆ្នាំងមានកីឡាករ៩នាក់ កីឡាការិនី៣នាក់ និងខេត្តក្រចេះមាន កីឡាករ៩នាក់កីឡាការិនី៣នាក់សរុប៥១នាក់ ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា នៅសល់តែខែទៀតប៉ុណ្ណោះផុតរដូវប្រមូលផ្ដុំហើយ ដូច្នេះសហព័ន្ធរបស់លោកមាន គម្រោងស្វែងរកថវិកាដើម្បីបន្តផ្គត់ផ្គង់អត្តពលិកខ្លួនបន្តទៀតពិសេសយុវជនថ្នាលជាអ្នកបន្តវេនសម្រាប់ឆ្នាំ២០២៣ ។ ធ្វើបែបនេះដើម្បីកុំមានការលំក្នុងការប្រមូល កីឡាករកីឡាការិនីចូលជំរំហ្វឹកហាត់វិញ ម្យ៉ាងទៀតកាលណារំសាយពួកគេប្រៀបបីដូចជាកីឡាករ-កីឡាការិនីថ្មីពីព្រោះកាយសម្ព័ន្ធត្រូវបន្សាំជាមួយការហ្វឹកហាត់ជារៀងរហូតទើបមានគុណភាពល្អ ។ ហេតុដូច្នេះ ហើយសហព័ន្ធបានស្វែងរកសាលាឲ្យពួកគេរៀននៅភ្នំពេញ ពិសេសបន្តចិញ្ចឹមពួកគេរហូតដើម្បីឲ្យគេបានហ្វឹកហាត់រាល់ថ្ងៃ ៕
ដោយ៖ សារីម