Nvidia បើកការស៊ើបអង្កេតលើករណីសង្ស័យចារកម្មបរទេសពាក់ព័ន្ធនឹង CEO ខណៈ លោក Jensen សារភាពរឿងផិតក្បត់ភរិយា

ចែករំលែក៖

ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងបើកការស៊ើបអង្កេតឯករាជ្យ ដើម្បីពិនិត្យថា នាយកប្រតិបត្តិ Jensen Huang អាចជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសឬយ៉ាងណា បន្ទាប់ពីមានរបាយការណ៍សារព័ត៌មានចោទប្រកាន់ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីជំនួញជនជាតិចិនម្នាក់ ដែលត្រូវបានសង្ស័យថាបានបញ្ជូនព័ត៌មានទៅទីក្រុងប៉េកាំង។

 

ក្នុងពេលជាមួយគ្នា Huang បានផ្ញើសារទៅកាន់បុគ្គលិក ដោយសារភាពថា លោកបានផិតក្បត់ភរិយា និងទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួន។ លោកក៏បានសុំទោសចំពោះភរិយា និងកូនៗ ដោយបញ្ជាក់ថា គ្មានហេតុផលណាអាចដោះសារចំពោះទង្វើនេះបានឡើយ។

 

តាមរបាយការណ៍របស់ The New York Times ស្ត្រីឈ្មោះ Alice Huang ដែលមិនមានទំនាក់ទំនងជាសាច់ញាតិជាមួយ Jensen Huang គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី។ អាជ្ញាធរសហរដ្ឋអាមេរិកធ្លាប់ស៊ើបអង្កេតក្រុមហ៊ុននេះ និងសន្និដ្ឋានថា ស្ត្រីរូបនោះអាចជាភ្នាក់ងារចារកម្មរបស់ចិន។

 

Megaspeed គឺជាក្រុមហ៊ុនទិញបន្ទះឈីប AI ពី Nvidia ហើយត្រូវបានអាជ្ញាធរអាមេរិកពិនិត្យលើការសង្ស័យថា អាចបានជួយឱ្យចិនទទួលបានបន្ទះឈីប AI ទំនើប ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅប្រទេសចិន។

 

Nvidia បានបញ្ជាក់ថា គណៈកម្មការដែលមានសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងទីប្រឹក្សាច្បាប់ខាងក្រៅ នឹងដឹកនាំការស៊ើបអង្កេត។ ក្រុមហ៊ុនក៏បានលើកឡើងថា បច្ចុប្បន្នមិនមានមូលហេតុណាមួយឱ្យជឿថា សន្តិសុខជាតិអាមេរិក ឬព័ត៌មានសម្ងាត់របស់ Nvidia ត្រូវបានលាតត្រដាងនោះទេ។

 

Huang បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារក្រុមហ៊ុន Nvidia និងគាំទ្រសន្តិសុខជាតិអាមេរិក ព្រមទាំងយល់ព្រមសហការយ៉ាងពេញលេញជាមួយការស៊ើបអង្កេត។

 

ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកមិនទាន់បានពិភាក្សាជាមួយ Huang អំពីការចោទប្រកាន់នេះទេ ប៉ុន្តែលោកបានហៅ Huang ថាជាមនុស្សល្អ និងសរសើរសមិទ្ធផលការងាររបស់លោក។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់ក្នុងសភាអាមេរិកក៏បានទាមទារឱ្យ Huang ចូលផ្តល់ការបំភ្លឺអំពីរបាយការណ៍នេះផងដែរ ដោយសារក្តីបារម្ភអំពីសន្តិសុខជាតិ និងការចូលដំណើរការបច្ចេកវិទ្យារសើបរបស់អាមេរិកដោយចិន។

 

ផលប៉ះពាល់លើ Nvidia និងតម្លៃភាគហ៊ុន

 

ការស៊ើបអង្កេតនេះកើតឡើងនៅពេលដែល Nvidia កំពុងប្រឈមនឹងសម្ពាធពីវិនិយោគិនរួចទៅហើយ ដោយសារក្តីបារម្ភអំពីនិរន្តរភាពនៃការរីកចម្រើនទីផ្សារ AI។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនប្រមាណ ៤,៥ ទ្រីលានដុល្លារអាមេរិក ហើយភាគហ៊ុនរបស់ខ្លួនបានបាត់បង់កំណើនទាំងអស់ដែលទទួលបានក្នុងឆ្នាំនេះ ចំពេលទីផ្សារបច្ចេកវិទ្យាទាំងមូលធ្លាក់ចុះ។

 

អ្នកវិភាគ Dan Ives បានលើកឡើងថា លទ្ធផលនៃការស៊ើបអង្កេតអាចបង្កហានិភ័យដល់តំណែងរបស់ Huang ជានាយកប្រតិបត្តិ ហើយប៉ះពាល់ដល់តម្លៃភាគហ៊ុន ព្រោះលោកមានតួនាទីសំខាន់ខ្លាំងក្នុងការដឹកនាំ និងយុទ្ធសាស្ត្ររបស់ Nvidia។

 

លោកក៏យល់ថា ករណីនេះអាចនាំឱ្យមានការស៊ើបអង្កេតបន្ថែមពីសភាអាមេរិក និងបង្កើនការត្រួតពិនិត្យលើការលក់បន្ទះឈីប AI ទៅកាន់ប្រទេសចិន។

 

Huang ដែលបានដឹកនាំ Nvidia អស់រយៈពេលជាង៣ទសវត្សរ៍ បានសង្កត់ធ្ងន់ថា លោកនឹងបន្តបំពេញតួនាទី និងខិតខំស្តារទំនុកចិត្តពីបុគ្គលិក ក្រុមប្រឹក្សាភិបាល ដៃគូ និងម្ចាស់ភាគហ៊ុនឡើងវិញ។

...

 

ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០២២ សហរដ្ឋអាមេរិកបានដាក់ចេញវិធានការគ្រប់គ្រងការនាំចេញ ដើម្បីរឹតត្បិតការចូលដំណើរការរបស់ចិនទៅកាន់បន្ទះឈីប Nvidia ទំនើប និងឧបករណ៍ដែលប្រើសម្រាប់ផលិតបន្ទះឈីបទាំងនោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print