ខេត្តកំពង់ឆ្នាំង៖ ដោយមានបទបញ្ជាពី លោកវរសេនីយ៍ ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
មន្ត្រីមានសមត្ថកិច្ចឲ្យដឹងថា វេលាម៉ោង០៨:០០ នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យ ចំនួន០១នាក់ ដែលកម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស ធ្វើការឃាត់ខ្លួន មាន ឈ្មោះ សឿង សុផាត ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទៅអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងដកហូត មានម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ទម្ងន់០.៦០ក្រាម (ថ្លឹងទាំងសំបកវេចខ្ចប់) ម៉ូតូចំនួន០១គ្រឿង ម៉ាក(អិចស៊ិនទ័រ) ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1AA. 6550 ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿង ញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖ សុរិយា










