នាយិកាស្ត្រីចំនួន៥រូប មកពីប្រទេសចិន តៃវ៉ាន់ និងជប៉ុន ត្រូវបានជ្រើសរើសក្នុងបញ្ជីស្រ្តីជំនួញដ៏មានឥទ្ធិពល Forbes Asia’s 2026 ដោយសារសមិទ្ធផលដឹកនាំក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប ឧបករណ៍អេឡិចត្រូនិក ថាមពលកកើតឡើងវិញ និងឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
បញ្ជីដែលចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា មានស្ត្រីឆ្នើម២០រូប មកពី១២ប្រទេស និងដែនដី ដោយផ្តោតលើសហគ្រិន អ្នកដឹកនាំក្រុមហ៊ុន និឥងអ្នកគ្រប់គ្រងអាជីវកម្មគ្រួសារដែលមានឥទ្ធិពល។
ស្ត្រីទាំង៥រូបរួមមាន៖
1. Wang Xin ស្ថាបនិកក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីប Guangdong Dtech Technology របស់ចិន។
2. Audrey Tsai នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិក ITEQ របស់តៃវ៉ាន់។
3. Jessica Chang ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍តភ្ជាប់ JPC Connectivity របស់តៃវ៉ាន់។
4. Peng Li សហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍបន្ទះឈីប AI MetaX Integrated Circuits របស់ចិន។
5. Kaga Yanagisawa នាយកប្រតិបត្តិក្រុមហ៊ុន Nomura Research Institute របស់ជប៉ុន។
ក្រុមហ៊ុនទាំងនេះដើរតួនាទីក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅអាស៊ី ដោយផ្គត់ផ្គង់ផលិតផល និងសេវាកម្មចាប់ពីបន្ទះឈីបទំនើប គ្រឿងបន្លាស់មជ្ឈមណ្ឌលទិន្នន័យ រហូតដល់ថាមពលកកើតឡើងវិញ និងសេវាកម្មអាជីវកម្មដែលប្រើប្រាស់ AI។
ចំណុចគួរឱ្យចាប់អារម្មណ៍ពីនាយិកាស្ត្រីឆ្នើមមួយចំនួន៖
– Wang Xin អាយុ៥៣ឆ្នាំ បានកសាងអាជីវកម្មផលិតឧបករណ៍ច្បាស់លាស់សម្រាប់ផលិតបន្ទះសៀគ្វីអេឡិចត្រូនិក។ ក្រុមហ៊ុនរបស់នាងទទួលបានប្រាក់ចំណេញសុទ្ធ ១,១ ពាន់លានយ័ន ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦ កើនឡើងជាង៤ដងធៀបនឹងឆ្នាំមុន។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា។
– Audrey Tsai បានដឹកនាំ ITEQ ឱ្យផ្លាស់ប្តូរពីការផ្តោតលើទីផ្សារគ្រឿងអេឡិចត្រូនិកប្រើប្រាស់ទូទៅ ទៅផលិតសម្ភារៈសម្រាប់ប្រព័ន្ធកុំព្យូទ័រល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យ AI។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនកើនឡើងជាង២ដង ខណៈចំណូលកើន២៦%។
– Jessica Chang អាយុ៦៥ឆ្នាំ បានបង្កើត JPC Connectivity ពីអាជីវកម្មតូចមួយនៅក្នុងអាផាតមិនរបស់ខ្លួន កាលពីឆ្នាំ១៩៩២ ដោយមានបុគ្គលិកតែម្នាក់។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកប្រមាណ២,០០០នាក់ និងផ្គត់ផ្គង់ខ្សែកាបអុបទិក និងឧបករណ៍បញ្ជូនទិន្នន័យល្បឿនលឿនដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Nvidia, Amazon និង Microsoft។
– Peng Li អាយុ៤៨ឆ្នាំ ជាអ្នកជំនាញរចនាបន្ទះឈីប ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន AMD របស់សហរដ្ឋអាមេរិក។ នាងបានសហស្ថាបនិក MetaX ក្នុងឆ្នាំ២០២០ ដើម្បីអភិវឌ្ឍ GPU និងកម្មវិធីសម្រាប់បណ្តុះបណ្តាល និងដំណើរការម៉ូដែល AI។ ក្រុមហ៊ុននេះកំពុងចូលរួមក្នុងការជំរុញសមត្ថភាពផលិតបន្ទះឈីបក្នុងស្រុករបស់ប្រទេសចិន។
ការជាប់ក្នុងបញ្ជីនេះបង្ហាញពីតួនាទីកាន់តែសំខាន់របស់ស្ត្រីអាស៊ីក្នុងការដឹកនាំឧស្សាហកម្មបច្ចេកវិទ្យា និងអាជីវកម្មដែលមានសក្តានុពលខ្ពស់ ជាពិសេសក្នុងពេលដែល AI បន្ទះឈីប និងថាមពលស្អាត កំពុងក្លាយជាវិស័យស្នូលសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក៕










