នគរបាលស្រុកអង្គស្នួល បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតគ្រឿងញៀនជាង ៥៨ក្រាម និងសម្ភារពាក់ព័ន្ធមួយចំនួន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨និង៥០នាទី កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅផ្ទះជនសង្ស័យឈ្មោះ មឿន ឡង់ឌី ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្ត្រី ១នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀននៅទីតាំងខាងលើ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំង និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឹម សុខឡា ព្រមទាំងរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៦កញ្ចប់ ដែលលាក់ទុកក្នុងកាបូបស្ពាយ។

តាមការសាកសួរ ជនសង្ស័យឈ្មោះ ឌឹម សុខឡា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនចំនួន ៦កញ្ចប់ ពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណ នៅម្តុំថ្មដា រាជធានីភ្នំពេញ ក្នុងតម្លៃ ៦០០.០០០រៀល ដើម្បីយកមកលក់ឱ្យឈ្មោះ មឿន ឡង់ឌី ដែលកំពុងរង់ចាំនៅក្នុងផ្ទះ។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកណ្តាល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ដឹកនាំដោយលោកអធិការរង និងមានការចូលរួមពីលោកមេភូមិត្រពាំងសុក្រំ បានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់បន្ថែមទៀត រួមមាន៖

១- ឈ្មោះ មឿន ឡង់ឌី ភេទប្រុស ជាម្ចាស់ផ្ទះ។
២- ឈ្មោះ ផល រាជ ភេទប្រុស
៣- ឈ្មោះ តេម សៀវម៉ី ភេទស្រី
ទាំងបីនាក់រស់នៅភូមិត្រពាំងសុក្រំ​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ខេត្ត​កណ្ដាល​។

តាមការសារភាពរបស់ឈ្មោះ មឿន ឡង់ឌី បានឱ្យដឹងថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ឌឹម សុខឡា ដើម្បីយកទៅលក់បន្ត និងប្រើប្រាស់ជាមួយឈ្មោះ ផល រាជ និងឈ្មោះ តេម សៀវម៉ី នៅក្នុងផ្ទះរបស់ខ្លួន។ លើសពីនេះ ខ្លួនក៏ធ្លាប់ប្រើឈ្មោះ ផល រាជ ឱ្យយកគ្រឿងញៀនទៅលក់បន្តផងដែរ។

ជនសង្ស័យទាំង ៤នាក់ មានលទ្ធផលតេស្តរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។ ក្នុងចំណោមនោះ ឈ្មោះ ឌឹម សុខឡា មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១៥២ ចខ/ឌ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូតរួមមាន៖

-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក ចំនួន ៦កញ្ចប់ ទម្ងន់សរុប ៥៨,៣១ក្រាម។
– ទូរសព្ទដៃចំនួន ៣គ្រឿង។
– ម៉ូតូចំនួន ២គ្រឿង។
-កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន ១។
-ពូថៅដងឈើចំនួន ២ ដាវដែកចំនួន ១ កាំបិតផ្គាក់ចំនួន ១ និងកាំបិតប៉័ងតោចំនួន ១។
-សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផល រាជ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ១លើក រយៈពេល ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print