អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ និងអាជីវករលក់បង្កងក្នុងក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពីការកសាងរូបសំណាកបង្កងយក្សនៅមាត់បឹងតាកែវ បានធ្វើឱ្យមានភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តតាកែវ កាន់តែច្រើនឡើង ជាពិសេសភ្ញៀវទេសចរដែលចង់មកភ្លក្សរសជាតិបង្កងដ៏ឈ្ងុយ ឆ្ងាញ់នោះ នៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចុះជួបសំណេះ សំណាលដោយផ្ទាល់ជាមួយបងប្អូនភ្ញៀវទេសចរ និងអាជីវករលក់បង្កងនៅក្នុងក្រុងដូនកែវ ។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោក អភិបាលខេត្តតាកែវ បានធ្វើការលើកទឹកចិត្តដល់បងប្អូនអាជីវករទាំងអស់ ត្រូវចេះទទួលស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរឱ្យបានល្អប្រសើរ មិនត្រូវធ្វើឱ្យភ្ញៀវទេសចរមានការអាក់អន់ស្រពន់ចិត្តឡើយ និងត្រូវធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តតាកែវហើយ មានបំណងចង់ត្រឡប់មកលេងសារជាថ្មីម្ដងទៀត ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វ៉ី សំណាង ក៏បានណែនាំដល់បងប្អូនអាជីវករលក់បង្កងទាំងអស់ ដាច់ខាតមិនត្រូវដំឡើងថ្លៃបង្កង ឬបន្លំបង្កងចិញ្ចឹមថាជាបង្កងធម្មជាតិឡើយ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីអតិថិជន និងប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ។

គួរបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរខេត្តតាកែវបានកសាងរូបសំណាកបង្កងយក្សនៅមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ រូបភាពនៃរូបសំណាកបង្កងយក្សនេះ ត្រូវបានល្បីរន្ធឺសុះសាយតាមបណ្តាញសង្គម ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងថតរូបកម្សាន្ត ជាពិសេសគឺការចង់មកភ្លក្សរសជាតិបង្កងខេត្តតាកែវដ៏ល្បីល្បាញ។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ នៅក្នុងថ្ងៃចុងសប្តាហ៍ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់ បានមកទស្សនារូបសំណាកបង្កងយក្ស និងកម្សាន្តនៅក្នុងក្រុងដូនកែវ ៕

...

ដោយ៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print