អគ្គិភ័យឆាបឆេះផ្ទះ១កន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៤៥នាទីយប់ ថ្ងៃទី១០​ ខែវិច្ឆិកា​​ ឆ្នាំ២០២៦​ ដែលស្ថិតនៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៥ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤២ឡាន,​ រថយន្តជំនួយបុរី​ ប៉េង​ ហួត​ ចំនួន២គ្រឿង​ ប្រើប្រាស់ទឹកអស់ចំ​នួន ២ឡាន,​ រថយន្ត​ទីក្រុងនរា​ ចំនួន១គ្រឿង​ ប្រើប្រាស់​ទឹកអស់១ឡាន​ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន១គ្រឿង​ ប្រើប្រាស់​ទឹកអស់ចំនួន១ឡាន។

ដោយឡែកចំពោះ​ ប្រភេទ ដែកប្រក់ស័ង្កសី​ ទំហំ (៦,៥០ម៉ែត្រ x ៤០ម៉ែត្រ) ឆេះផ្ទះដែកប្រក់ស័ង្កសី​ ទំហំ​ (៦,៥០ម៉ែត្រ x ៤០ម៉ែត្រ)​ ចំនួន២ខ្នង​ និងឆេះផ្ទះឈើលើថ្មក្រោម​ ចំនួន១ខ្នង​ រួមមានសម្ភារៈអស់ទាំងស្រុង។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ១០និង៥៥នាទីយប់ថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវផងដែរ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print