ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការត្រូវរថយន្ត Ford Ranger មួយគ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតឆ្លងគន្លងផ្លូវទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង រួចកិនអូសទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AJ-1857 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2C-7499 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត ដោយមានល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឆ្លងគន្លងផ្លូវទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង រួចកិនពីលើនិងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីនាំទៅសាកសួរ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងនិងយករថយន្តព្រមទាំងម៉ូតូ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










