ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គឹម បញ្ញា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្ដីពីករណីចោរលួចកាច់សោកម៉ូតូ កាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពកាច់សោរកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខៀវ ផលិត ឆ្នាំ២០២៦ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AF 3394 ។
ក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធGPS ឃើញម៉ូតូខាងលើ ស្ថិតនៅចំណុចខ្ទមមួយកន្លែង ស្ថិតក្នុងមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ភ្លាមនោះកម្លាំងជំនាញបានចុះប្រតិបត្តការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ស៊ូ វ៉ាន់(រឿន) ភេទប្រុស អាយុ២១ឆ្នាំ ចំណែកបក្ខពួកចំនួន០២នាក់បានរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខៀវ ផលិតឆ្នាំ២០២៦(បានប្រគល់ជូនជនរងគ្រោះវិញ), កាំបិតប្រវែង ៤២សង់ទីម៉ែត្រ ចំនួន០១ដើម, សោរកែច្នៃប្រវែង ១៣សង់ទីម៉ែត្រ ចំនួន ០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដ មែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










