អេហ្ស៊ីបបណ្តេញគ្រូបង្វឹកជម្រើសជាតិ ក្រោយផ្ទុះរឿងអាស្រូវជម្លោះរវាងភរិយាទាំងពីរ

ចែករំលែក៖

សហព័ន្ធបាល់ទាត់អេហ្ស៊ីប (EFA) បានសម្រេចបញ្ចប់តំណែងលោក Hossam Hassan ពីគ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីមានរឿងអាស្រូវផ្ទាល់ខ្លួនដ៏កក្រើកពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងភរិយាទាំងពីររបស់លោក។

យោងតាមសារព័ត៌មាន The New Arab ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធបានបោះឆ្នោតសម្រេចបណ្តេញលោក Hassan កាលពីថ្ងៃសៅរ៍ ដោយអនុវត្តតាមលក្ខខណ្ឌក្នុងកិច្ចសន្យា។ សហព័ន្ធបានលើកឡើងថា រឿងអាស្រូវនេះបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងរូបភាពរបស់ក្រុមជម្រើសជាតិ។

លោក Ali Maher ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹប Ceramica Cleopatra ក្នុងលីគកំពូលអេហ្ស៊ីប នឹងចូលមកជំនួសតំណែងនេះ។

ការសម្រេចផ្លាស់ប្តូរគ្រូបង្វឹកត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាភិបាលប្រជុំពិភាក្សាអំពីការផ្សព្វផ្សាយអវិជ្ជមានតាមប្រព័ន្ធផ្សព្វផ្សាយ ជុំវិញជីវិតឯកជនរបស់លោក Hassan។

ការបណ្តេញចេញនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាកំពូលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់អេហ្ស៊ីប បានហាមឃាត់លោក Hassan មិនឱ្យបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ ឬផ្តល់បទសម្ភាសន៍ ដោយសារការផ្ទុះប្រតិកម្មក្នុងសារព័ត៌មានជុំវិញជម្លោះរវាងភរិយាទាំងពីររបស់លោកកាលពីខែសីហា។

វីដេអូបង្ហាញពីការប៉ះទង្គិចគ្នារវាងស្ត្រីទាំងពីរ នៅក្នុងហាងកាហ្វេនៃសណ្ឋាគារប្រណីតមួយនៅតំបន់ឆ្នេរភាគខាងជើងប្រទេសអេហ្ស៊ីប បានរីករាលដាលយ៉ាងឆាប់រហ័សតាមបណ្តាញសង្គម។ ជម្លោះពាក្យសម្តីដំបូងបានប្រែក្លាយទៅជាការប្រើហិង្សា រហូតធ្វើឱ្យអ្នកនៅក្បែរហៅប៉ូលិសឱ្យមកអន្តរាគមន៍។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun លោក Hassan បានព្យាយាមបំបែកជម្លោះ ប៉ុន្តែទីបំផុតលោកបានបាត់បង់ស្មារតីនៅកណ្តាលហេតុការណ៍ដ៏ចលាចលនោះ។

ហេតុការណ៍នេះបានក្លាយជាប្រធានបទក្តៅក្នុងសារព័ត៌មាន និងវិស័យកីឡា។ ក្រោយមក សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា លោក Hassan បានលែងលះជាផ្លូវការជាមួយភរិយាដំបូងរបស់លោក គឺលោកស្រី Howaida al-Gharbawy។

ទោះបីជាជីវិតផ្ទាល់ខ្លួនជួបភាពចម្រូងចម្រាសក៏ដោយ លោក Hassan ធ្លាប់ទទួលបានការកោតសរសើរចំពោះសមិទ្ធផលជាមួយក្រុមជម្រើសជាតិ។ អតីតខ្សែប្រយុទ្ធអន្តរជាតិរូបនេះ បានដឹកនាំអេហ្ស៊ីបឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2026 ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដែលអាចឈានដល់វគ្គជម្រុះចាញ់ធ្លាក់។

...

ក្រោយការផ្លាស់ប្តូរគ្រូបង្វឹក សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានអំពាវនាវឱ្យអ្នកគាំទ្របន្តគាំទ្រ និងរួមគ្នាលើកទឹកចិត្តក្រុមជម្រើសជាតិ ក្នុងអំឡុងពេលផ្លាស់ប្តូរដឹកនាំនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print