រថយន្ត Prius បើកលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង និងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន រួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់មួយកង់ និងរថយន្តក្រឡាប់ផ្ងារជើង​ កាលពីវេលាម៉ោង ១២:៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AN-4717 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងតំបន់កោះនរា ក្នុងទិសដៅពីលិចទៅកើត ដោយប្រើប្រាស់ល្បឿនលឿន​ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្ត រួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់មួយកង់។ ចំណែករថយន្តបានក្រឡាប់ជាច្រើនត្រឡប់ និងធ្វើឱ្យអ្នកបើកបរខ្ទាតចេញពីក្នុងរថយន្ត រងរបួសធ្ងន់។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ជាបន្តទៀត៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print