ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩និង ៤៥ នាទី នៅចំណុចលើផ្លូវលេខ១៤២ ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម (បាញ់សម្លាប់) បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន ០១ដើម ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ HAN YU MING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (ផ្នែកគ្រប់គ្រងសម្ភារ:និងប្រេង)ត្រូវចំដើមទ្រូងបណ្តាល ឲ្យស្លាប់ភ្លាមៗ ពេលដែលជនរងគ្រោះរូបនេះបានជិះម៉ូតូដេញតាមជនសង្ស័យខាងលើលួចដឹកប្រេង ហើយក៏ត្រូវបានជនសង្ស័យដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះតែម្តង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតស្រាវ ជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យដែលជាកម្មករលួចប្រេងរបស់ក្រុមហ៊ុន បានចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ នន ណេង ភេទប្រុសអាយុ៣១ឆ្នាំ
២-ឈ្មោះ ភួង សំណាង ភេទប្រុសអាយុ៥០ឆ្នាំ
៣-ឈ្មោះ ព្រិច បូរ៉ា ភេទប្រុសអាយុ២៦ឆ្នាំ
៤-ឈ្មោះ ឃុយ ធី ភេទប្រុស អាយុ៥៨ឆ្នាំ
៥-ឈ្មោះ ណុប សាក់ ភេទ ប្រុសអាយុ៣៥ឆ្នាំ
៦-ឈ្មោះ សួង សុនិត ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ
រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង១០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត(ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់) ឈ្មោះ មឿន សុខគា ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១និង ៤០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត រួមមាន៖
១-ឈ្មោះ ឆាយ សុផាត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច វាល៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាអ្នកធ្វើសកម្មភាពបាញ់ជនរងគ្រោះ)
២-ឈ្មោះ ជ័យ សីហា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់)។ ដកហូតបាន អាវុធខ្លីចំនួន០១ដើម ម៉ាកK54 បង់ចំនួន០១ គ្រាប់ចំនួន០៥។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










