ឥណ្ឌូណេស៊ីគំរាមធ្វើពហិការការប្រកួត SEA Games 2027 ក្រោយម៉ាឡេស៊ីដកកីឡាប្រពៃណីជាច្រើនចេញពីកម្មវិធី

ចែករំលែក៖

ការសម្រេចដកប្រភេទកីឡាជាច្រើនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៧ របស់ប្រទេសម៉ាឡេស៊ី បានបង្កឱ្យមានប្រតិកម្មខ្លាំងពីសហគមន៍កីឡាឥណ្ឌូណេស៊ី ដោយមន្ត្រីកីឡាមួយចំនួនបានលើកឡើងពីលទ្ធភាពធ្វើពហិការមិនចូលរួមការប្រកួតនេះ។

 

លោក Krisna Bayu ប្រធានសហព័ន្ធកីឡា Sambo និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី បានអំពាវនាវឱ្យប្រទេសរបស់ខ្លួនចាត់វិធានការតឹងរ៉ឹងចំពោះប្រទេសម្ចាស់ផ្ទះ។ លោកក៏បានស្នើឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសហព័ន្ធកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ (SEAGF) ផងដែរ។

 

បញ្ជីប្រភេទកីឡាផ្លូវការត្រូវបានអនុម័តដោយ SEAGF កាលពីថ្ងៃទី៣០ ខែតុលា ដោយមានសរុប ៤៣ ប្រភេទកីឡា និង ៤៧៣ វិញ្ញាសា។ ចំនួននេះថយចុះ ៧ ប្រភេទកីឡា និង ១០០ វិញ្ញាសា បើប្រៀបធៀបនឹងស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ។

 

ប្រភេទកីឡាដែលត្រូវបានដកចេញរួមមាន កីឡាចែវទូក កាណូត ប្រណាំងទូកប្រពៃណី ចំបាប់ អុក Kickboxing Jiu-Jitsu ឡើងជញ្ជាំង និងកីឡាទ្រីយ៉ាត្លុង។ ក្រៅពីនេះ ក៏មិនមានបាល់ទះលើឆ្នេរខ្សាច់ និងវិញ្ញាសាប្រកួតជាក្រុមបុរស-នារី ក្នុងកីឡាវាយសីផងដែរ។

 

សហព័ន្ធកីឡាជាច្រើនរបស់ឥណ្ឌូណេស៊ីបានចេញមុខរិះគន់ការសម្រេចនេះ។ សមាគមកីឡាចែវទូកឥណ្ឌូណេស៊ី (PODSI) បានបញ្ជាក់ថា កីឡាចែវទូកបានរួមចំណែកដល់ទៅ ៩ ក្នុងចំណោមមេដាយសរុប ២៥ ដែលឥណ្ឌូណេស៊ីដណ្តើមបាននៅស៊ីហ្គេមឆ្នាំ២០២៥។

 

សមាគមនេះយល់ថា ការដកប្រភេទកីឡាចេញនឹងធ្វើឱ្យកីឡាករឆ្នើមបាត់បង់ឱកាសការពារតំណែងជើងឯក និងប៉ះពាល់ដល់ផែនការហ្វឹកហាត់ជម្រើសជាតិ។ PODSI ក៏បានចោទប្រកាន់ថា ម៉ាឡេស៊ីមិនបានគោរពកិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ SEAGF កាលពីខែឧសភា ឆ្នាំ២០២៤ ដែលបានកំណត់កម្មវិធីកីឡាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៥, ២០២៧ និង២០២៩ ដោយក្នុងនោះមានកីឡាចែវទូកផងដែរ។

 

ចំណែកកីឡាទ្រីយ៉ាត្លុងរបស់ឥណ្ឌូណេស៊ី ដែលដណ្តើមបានមេដាយមាស ៧ គ្រឿងនៅឆ្នាំ២០២៥ ក៏រងផលប៉ះពាល់ដូចគ្នា។ រីឯកីឡាឡើងជញ្ជាំងបានឈ្នះមេដាយមាស ៤ គ្រឿង ក្នុងចំណោម ៦ វិញ្ញាសា។

 

សហព័ន្ធកីឡាឡើងជញ្ជាំងឥណ្ឌូណេស៊ីបានលើកឡើងថា ស៊ីហ្គេមគឺជាវេទិកាសំខាន់សម្រាប់អភិវឌ្ឍកីឡាករវ័យក្មេង។ ការដកប្រភេទកីឡានេះចេញនឹងធ្វើឱ្យកីឡាករជំនាន់អាយុក្រោម ១៧ ឆ្នាំ និង ១៩ ឆ្នាំ បាត់បង់ឱកាសទទួលបានបទពិសោធន៍ប្រកួតអន្តរជាតិ។

 

ផ្ទុយពីការកាត់បន្ថយកីឡាមួយចំនួន ចំនួនវិញ្ញាសាដណ្តើមមេដាយក្នុងកីឡាប៊ូលីងវិញ ត្រូវបានបង្កើនពី ៦ ទៅ ២២ វិញ្ញាសា។ ក្នុងចំណោមវិញ្ញាសាថ្មីៗទាំងនោះ មានការបែងចែកតាមលំនាំប្រេងលាបលើផ្លូវប៊ូលីងចំនួន ៣ ប្រភេទ ដែលភាគីម៉ាឡេស៊ីពន្យល់ថា ជាការសាកល្បងដើម្បីពង្រីកឱកាសប្រកួតប្រជែង។

 

ទោះជាយ៉ាងណា លោក Nur Azmi Ahmad អនុប្រធានក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី បានការពារបញ្ជីកីឡាដែលបានអនុម័ត ដោយបញ្ជាក់ថា គ្មានប្រទេសណាមួយបានជំទាស់នឹងសំណើនេះក្នុងកិច្ចប្រជុំថ្ងៃទី៣០ ខែតុលាឡើយ។ លោកបន្ថែមថា កម្មវិធីប្រកួតត្រូវបានបិទជាស្ថាពរ ហើយមិនអាចបន្ថែមប្រភេទកីឡាថ្មីទៀតបានទេ ដោយសារតែត្រូវការពេលវេលាសម្រាប់ការរៀបចំ។

...

 

ស៊ីហ្គេមឆ្នាំ២០២៧ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា នៅតាមទីក្រុង និងតំបន់ចំនួនបួនរបស់ម៉ាឡេស៊ី រួមមាន Kuala Lumpur, Sarawak, Penang និង Johor៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print