សាលាដំបូងផ្ដន្ទាទោសយុវនារីមួយរូប ដែលរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់លើបណ្ដាញសង្គមឱ្យជាប់ពន្ធនាគារ៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នារីមួយរូបដែលរិះគន់បញ្ហាសន្តិសុខខេត្តពោធិ៍សាត់នៅលើបណ្ដាញសង្គម ត្រូវបានតុលាការខេត្តនេះកាត់ទោសឱ្យជាប់ពនពន្ធនាគារយៈពេល៣ឆ្នាំ។

 

សេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៦សាលាដំបូងខេត្តពោធិ៍សាត់ បានប្រកាសថា យុវតី ភី ស្រីណយ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល នៅក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានការរើសអើង»។

 

ជាងនេះទៅទៀត តុលាការបានសម្រេចរឹបអូសទូរស័ព្ទដៃមួយគ្រឿង និងស៊ីមកាត ដោយចាត់ទុកជាវត្ថុតាងនៅបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។

 

សាលាដំបូងខេត្តពោធិ៍សាត់ បានប្រកាសពីសេចក្ដីសម្រេចបែបនេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជំនុំជម្រះសំណុំរឿងប្រឆាំងនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះកាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៦។

 

យុវតី ភី ស្រីណយ ឬ ភី យ៉ាងរី បានបង្ហោះសារជាវីដេអូនៅលើបណ្ដាញសង្គម TikTok ដោយបានលើកឡើងពីចោរលួចប្រេងពីរថយន្តដឹកជញ្ជូនធុនធំដែលឈប់សម្រាកនៅម្ដុំផ្លូវវាងក្រុង ស្ថិតក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី នៃខេត្តពោធិ៍សាត់។

 

តុលាការខេត្តនេះ បានដកស្រង់សម្ដីរបស់ ភី ស្រីណយ ពីវីដេអូនៅលើបណ្ដាញសង្គម ដែលនិយាយថា «ចង់និយាយថា វីដេអូនេះអត់មានសម្ដែងទេបងៗអ្នកខេត្តពោធិ៍សាត់ បងៗតៃកុងឡានធំដូចគ្នា បងៗដឹងហើយថា ខេត្តស្អាត Perfect គ្មានសំរាម តែមាយាទអន់ ពូជចោរ យាយថាពូជចោរ ឡានប្ដីខ្ញុំអស់ប្រេងទៅសម្រាក គ្រាន់តែឡើងទៅថាយ៉ាងច្រើន១៥នាទី អត់មានសម្ដែង អត់មានបង្ខូចខេត្តរបស់គេទេ»។

 

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ តុលាការបានចាត់ទុកសម្ដីរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះថា «នាំឱ្យមានការរើសអើង និងគុំកួនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់»៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print