ភ្នំពេញ៖ លោក Frédéric Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា សមាគម AIMF តែងតែស្ថិតនៅខាងជនរងគ្រោះជានិច្ច ជាពិសេសចំពោះប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា។
លោក Frédéric Vallier បានបញ្ជាក់ពីជំហរបែបនេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូសមាគម AIMF និងដៃគូសហការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
នៅសាលារាជធានីភ្នំពេញ។
លោក Frédéric Vallier បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខលំបាកចំពោះហេតុការណ៍នៃសង្គ្រាមនេះ ដែលបានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារត្រូវបង្ខំចិត្តភៀសសឹកចេញពីលំនៅឋាន។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលលោកបានមើលឃើញជាក់ស្តែងក្នុងការដឹកជញ្ជូនសម្ភារ និងស្បៀង អាហារ ទៅចែកជូនបងប្អូនជនភៀសសឹកជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លោកអគ្គប្រតិភូបានលើកឡើងថា ស្របពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ សមាគមAIMF និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរួមគ្នារៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីររួមមាន ទី១,សន្និសីទថ្នាក់តំបន់កម្រិតអភិបាល និងតំណាងរដ្ឋបាលមូលដ្ឋាន ស្តីពី «ទំនាក់ទំនងការទូតទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន» ដែលមានការចូលរួមពីបណ្តាទីក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតឡាវ រដ្ឋបាលខេត្តកំពង់ធំ បាត់ដំបង សៀមរាប កំពត និងខេត្តព្រះសីហនុ ព្រមទាំងអង្គការដៃគូមួយចំនួនទៀត។ទី២,ពិធីសម្ពោធពិព័រណ៍សមិទ្ធផល «សកម្មភាពហ្វ្រង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន» នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញ ខាងលើរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
លោក Frédéric Vallier បានថ្លែងថា៖ សមាគម AIMF នឹងរៀបចំមហាសន្និបាតលើកទី៤៦ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០៨ នៅទីក្រុងកាសាប្លង់កា ប្រទេសម៉ារ៉ុក។ ក្នុងឱកាសនោះ សមាគមនឹងឧទ្ទេសនាម ឯកឧត្តម ឃួង ស្រេង ជាបេក្ខភាពអនុប្រធានសមាគម AIMF បន្តទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញតួប្រាសាទបុរាណខ្មែរជាច្រើនទៀត ដូចជា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទព្រះ វិហារ ជាដើម ដែលសុទ្ធសឹងជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។ ការបំផ្លិចបំផ្លាញទាំងនេះ មិនត្រឹមតែបង្កើតការឈឺចាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែគឺជាការឈឺចាប់សម្រាប់មនុស្សជាតិលើពិភពលោកទាំងមូល ដ្បិតមកដល់សតវត្សរ៍ទី២១ ទៅហើយ មិនគួរណាមានប្រទេសមួយមករំលោភបំពានឈ្លានពានប្រទេសមួយទៀត រហូតដល់បំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកបែបនេះនោះទេ។
លោកបានបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ហើយជាលទ្ធផល ប្រទេសបារាំង ជាពិសេសប្រធានាធិបតីបារាំង បានយល់ព្រមប្រគល់ផែនទីផ្លូវការជូនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងកិច្ចការយុត្តាធិការតវ៉ាលើឆាកអន្តរជាតិ។ រដ្ឋបាលរាជធានី ព្រមទទួលយកការស្នើតែងតាំងជាបេក្ខភាពអនុប្រធានសមាគម AIMF បន្តទៀត ដោយគ្រោងនឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅចូលរួមមហាសន្និបាតនៅប្រទេសម៉ារ៉ុកនាដើមខែក្រោយនេះ ព្រមទាំងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគម AIMF ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍរាជធានីភ្នំពេញ៕














