ភ្នំពេញ ៖ ទីបំផុត ! ក្រសួងមហាផ្ទៃ ថ្កោលទោស និងទាមទារឱ្យចាត់វិធានការផ្លូវច្បាប់លើបុគ្គលប្រព្រឹត្តិអំពើបៀតបៀនលើអ្នកលក់ម្ជូរ និងជៀសវាងការចែកចាយរូបភាព វីដេអូ ។ ទោះជាពួកគេចេញមុខសូមទោស ក៏ហួសពេលដែរ មានតែច្បាប់ទេប៉ះប៉ូវឱ្យក្រុមអ្នកទទួលយកកំហុសសាងបំពានមកលើនារីទន់ខ្សោយ ។
សូមជម្រាបថា ៖ រលកនៃការខឹងសម្បា និងការរិះគន់យ៉ាងខ្លាំងក្លាបានផ្ទុះឡើងព្រោងព្រាតនៅលើបណ្តាញសង្គម បន្ទាប់ពីមានការចែកចាយវីដេអូសកម្មភាពរបស់បុរសមួយក្រុម ដែលបានប្រព្រឹត្តអំពើបៀតបៀន មើលងាយ និងប៉ះពាល់ដល់រាងកាយ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីលក់ផ្លែឈើ (លក់ម្ជូរ) ម្នាក់ ក្នុងពេលបំពេញការងារប្រកបរបរចិញ្ចឹមជីវិតនៅក្នុងពិធីជប់លៀងមួយ។ សូម្បីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ឱ្យចាត់វិធានការផ្លូវច្បាប់ ។ ឥឡូវជុំវិញករណីអសីលធម៌ដ៏គួរឱ្យសោកស្ដាយនេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើបៀតបៀន និងការបំពានលើរាងកាយ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ទង្វើបែបនេះគឺផ្ទុយស្រឡះពីសីលធម៌សង្គម និងការគោរពតម្លៃមនុស្ស ដោយមិនអាចយកការលេងសើច ឬការកម្សាន្តមកធ្វើជាលេសដោះសារបានឡើយ ខណៈដែលស្ត្រីគ្រប់រូបមិនថាកំពុងប្រកបរបរអ្វី ឬមានស្ថានភាពជីវភាពបែបណាក៏ដោយ សុទ្ធតែមានសិទ្ធិទទួលបានការគោរព ការការពារ និងការប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព។
ចំពោះមុខហេតុការណ៍នេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានស្នើជាបន្ទាន់ដល់សមត្ថកិច្ចពាក់ព័ន្ធ ឱ្យធ្វើការពិនិត្យ ស្រាវជ្រាវ និងបញ្ជាក់អង្គហេតុឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមានប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខុមាលភាព និងតម្រូវការជំនួយរបស់ស្ត្រីរងគ្រោះ ដោយត្រូវគោរពឱ្យបានដាច់ខាតនូវឆន្ទៈ ឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់គាត់។
ក្រសួងមហាផ្ទៃក៏បានអំពាវនាវផងដែរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យចូលរួមប្រឆាំងនឹងទង្វើបៀតបៀន និងការរើសអើងលើស្ត្រី ព្រមទាំង «ជៀសវាងការចែកចាយរូបភាព វីដេអូ ឬការបញ្ចេញមតិដែលបង្កការអាម៉ាស់ បន្ទោស ឬធ្វើឱ្យស្ត្រីរូបនោះរងការឈឺចាប់បន្ថែម»។
ជាចុងក្រោយ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសិទ្ធិ លើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ព្រមទាំងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ សំដៅរួមចំណែកកសាងសង្គមមួយដែលមានសុវត្ថិភាព សមភាព និងការគោរពគ្នាទៅវិញទៅមក៕
ដោយ ៖ សិលា










