ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ (ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦) ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ដើម្បីលើកកម្ពស់វប្បធម៌ ទេសចរណ៍ ការអប់រំ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
នៅក្នុងរយៈពេល ៥ថ្ងៃនេះ ភូមិហ្វ្រង់កូហ្វូនីបើកជូនសាធារណជនចូលទស្សនាដោយសេរី ចាប់ពីម៉ោង ១០៖០០ព្រឹក ដល់ម៉ោង ៩៖០០យប់ ដោយមានការរៀបចំពន្លាជាតិតំណាងប្រទេសសមាជិក និងរដ្ឋសង្កេតការណ៍សរុប ៩៣ប្រទេស រួមទាំងពន្លាជាតិកម្ពុជា ដែលបង្ហាញពីអត្តសញ្ញាណខ្មែរ និងកម្មវិធី «ប៉ាក់ស្បៃខ្មែរ» ដើម្បីជំរុញការចុះបញ្ជីក្នុងអង្គការ UNESCO ព្រមទាំងមានស្តង់ពិព័រណ៍ទូទៅចំនួន ១៣០ស្តង់។ ទន្ទឹមនឹងនេះ ក៏មានភូមិម្ហូបអាហារហ្វ្រង់កូហ្វូនី ការបង្ហាញការចម្អិនម្ហូបផ្ទាល់ និងការសម្តែងទស្សនីយភាពសិល្បៈចំនួន ៥០កម្មវិធី ពីក្រុមសិល្បៈជាតិ និងអន្តរជាតិ (បារាំង កាណាដា រ៉ូម៉ានី និងអាម៉េនី) ព្រមទាំងវេទិកាតុមូលប្រមាណ ៣០ ផ្តោតលើស្ត្រីនិងសន្តិភាព ការអប់រំ បញ្ញាសិប្បនិម្មិត (AI) និងទេសចរណ៍ អមដោយការផ្សាយផ្ទាល់ពីស្ទូឌីយោរបស់ទូរទស្សន៍អន្តរជាតិបារាំង TV5 Monde ផងដែរ។
ជាមួយគ្នានោះផងដែរ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូភរិយា និងស្វាមីថ្នាក់ដឹកនាំ (Spouse Programme) អញ្ជើញទស្សនកិច្ចនៅភូមិហ្វ្រង់កូហ្វូនី ទស្សនាការប៉ាក់ស្បៃខ្មែរ ទស្សនាពន្លាជាតិ និងរូបភាពនិមិត្តរូបប្រាសាទខ្មែរទាំងបី (ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី) ផងដែរ៕
ដោយ ៖ សិលា










