ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍« ភូមិហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីនាថ្ងៃអនាគត គឺយុវជនរបស់យើងនេះឯង ពួកគេជាអ្នករៀនសូត្រ ជាអ្នកបង្កើតថ្មី និងជាអ្នកច្នៃប្រឌិត ហើយនេះគឺជាប្រវត្តិសាស្ត្រដ៏យូរអង្វែងមួយសម្រាប់កម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាបានចូលរួមក្នុងអង្គការហ្វ្រង់កូហ្វូនី ក្នុងនាមជាអ្នក សង្កេតការណ៍នៅឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣ ហើយសម្រាប់យើង ភាសាបារាំងគឺជាភាសានៃការចងចាំ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «វាក៏ជាភាសានៃការសិក្សា ចំណេះដឹង និងមិត្តភាពផងដែរ។ កម្ពុជា ស្គាល់ច្បាស់ពីតម្លៃនៃសន្តិភាព យើងដឹងថាសន្តិភាពត្រូវបានកសាងឡើងជារៀងរាល់ថ្ងៃដោយភាពអត់ធ្មត់។ ហេតុដូច្នេះហើយ បានជាមូលបទ នៃកិច្ចប្រជុំកំពូលនេះ បានប៉ះពាល់ដល់អារម្មណ៍របស់យើងយ៉ាងជ្រាលជ្រៅនោះគឺ ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា «ស្នាមញញឹមខ្មែរ ស្នាមញញឹមនៃហ្វ្រង់កូហ្វូនី» ហើយនៅកម្ពុជា ស្នាមញញឹមមានន័យលើសពីពាក្យសួស្តីទៅទៀត។ «វាគឺជាភាពកក់ក្តៅ វាគឺជាសន្តិភាព ហើយវាគឺជាក្តីសង្ឃឹម»។ នេះគឺជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី។
បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ ស្នាមញញឹមរបស់យើងបានផ្សារភ្ជាប់ជាមួយនឹងស្នាមញញឹមនៃហ្វ្រង់កូហ្វូនី នៅទីនេះ ក្រោមមេឃតែមួយ ប្រទេសរបស់យើងបានមកជួបគ្នា។ លោកអ្នកនឹងបានទស្សនាពន្លាជាតិនៃបណ្តាប្រទេសជាសមាជិក។ លោកអ្នកនឹងបានភ្លក់រសជាតិនៃមុខម្ហូបរបស់យើង។ លោកអ្នកនឹងបានស្តាប់តន្ត្រីរបស់យើង លោកអ្នកនឹងបានកោត សរសើរស្នាដៃសិល្បកររបស់យើង»៕
ដោយ៖តារា










