ខេត្តកំពង់ស្ពឺ÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួន
បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងភូមិសាស្រ្តក្រុងច្បារមន។
អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤:២២នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ស្ថិតនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សយ តុលា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ដាវចំនួន ០១ដើម និងថង់ច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន ៕










