ខេត្តពោធិ៍សាត់÷ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងកម្លាំងចម្រុះនិងមន្រ្តីជំនាញ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ក្នុងការបំពេញ បេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់។
ទោះបីត្រូវប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ទាំងយប់ទាំងថ្ងៃ ក្រោមកម្ដៅថ្ងៃ ភ្លៀងធ្លាក់ ខ្យល់ខ្លាំង យ៉ាងណាក៏ដោយ បងប្អូនកងកម្លាំងចម្រុះ និងមន្រ្តីជំនាញនៅតែបន្តឈរជើង និងចេញល្បាតបំពេញភារកិច្ចដោយស្មារតីអង់អាច អត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់។
ការលះបង់របស់បងប្អូន មិនត្រឹមតែជាការបំពេញភារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដ៏មានតម្លៃក្នុងការការពារធនធានជលផល ថែរក្សាប្រព័ន្ធអេកូឡូស៊ី និងអភិរក្សបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសជាតិ សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕
ដោយ៖ សុរិយា










