ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រទះឃើញសពយុវតីម្នាក់អណ្ដែតទឹកស្រះនៅស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង៖ មន្ត្រីនគរបាលខេត្តកោះកុង ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ពាក់ព័ន្ធករណីវត្តីម្នាក់ដែលប្រទះឃើញសពអណ្ដែតទឹកស្រះ១ កន្លែងក្នុងស្រុកស្រែអំបិលនោះ ពេលនេះសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យម្នាក់ដែលជាសង្សារ ដែលសង្ស័យជាប់ ពាក់ព័ន្ធករណីឃាតកម្មលើនារីរងគ្រោះ។

ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា នៅថ្ងៃទី​ ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៦​ ក្រោយ​ពី​ការិយាល័យ​នគរបាលបច្ចេកទេសខេត្តកោះកុង​ និងការិយាល័យជំនាញនគរបាលព្រណ្ម​ទណ្ឌ​កម្រិតធ្ងន់ធ្វើ​កោសល្យវិច័យ​សាក​សព​ និង​ពិនិត្យ​កន្លែង​កើត​ហេតុ ដែល​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​ និង​សម្ភារៈ​ប្រើប្រាស់​ដែលបាន​ទុក​នៅមាត់​ស្រះទឹក​រួច​រាល់​ លោក​វរសេនីយ៍ទោ​ ដូង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល​ បានដឹក​នាំផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ ០១នាក់​ មានទីលំនៅបច្ចុប្បន្ន​ ភូមិតានី ឃុំជីខលើ ស្រុកស្រែ​អំបិល​(ត្រូវ​ជា​សង្សារ​)​។

គួរបញ្ជាក់ថា សពក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានប្រទះឃើញអណ្ដែតក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង។ សមត្ថកិច្ចបានប្រកាសពីការប្រទះឃើញស្បែកជើងក្មេងស្រី និងទូរស័ព្ទដៃ១គ្រឿង នៅមាត់ស្រះទឹកមួយក្នុងមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាននេះ ម្ដាយក្មេងស្រីដែល បានទៅដល់ទីតាំងខាងលើ និងអះអាងថា ស្បែកជើង និងទូរស័ព្ទដៃដែលប្រទះឃើញនោះ គឺជារបស់កូនស្រីរបស់គាត់ឈ្មោះ ភី ណារីន អាយុ១៦ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងនឹង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ដើម្បីកាត់ទោសតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print