ភ្នំពេញ ៖ លោកប្រធានាធិបតី ម៉ាក្រុង ចោលក្រសែភ្នែក និងទឹកមុខ ស្តែងយ៉ាងច្បាស់ថា លោកកំពុងស្តាប់យ៉ាងយកចិត្តទុកដាក់បំផុត ខណៈសម្តេចធិបតី ថ្លែងបញ្ជាក់ការពិតប្រាប់មេដឹកនាំហ្វ្រង់កូហ្វូនីថា «កម្ពុជាមិនមែនជាអ្នកបង្កហេតុជម្លោះព្រំដែនជាមួយថៃ និងប្រឆាំងដាច់ខាតចំពោះចេតនាឈ្លានពានកាន់កាប់ដីកម្ពុជាដោយយោធាថៃ»!
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានិយាយពីសន្តិភាព ពីព្រោះប្រទេសជាតិធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏ជូរចត់។ កម្ពុជាដឹងច្បាស់ពីការបំផ្លិចបំផ្លាញដែលសង្គ្រាមបានបង្កឡើង និងយល់ច្បាស់ពីលទ្ធភាពដ៏ធំធេងដែលសន្តិភាពបាននាំមក។ នេះជាមូលហេតុដែលកងទ័ពកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាកម្លាំងជំរុញឱ្យក្រុមអ្នកជំនាញដោះមីនខិតខំប្រគល់ដីសម្អាតមីនជូនប្រជាពលរដ្ឋវិញ។
ការគូសបញ្ជាក់បែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ក្រោមព្រះរាជពិធីបើកដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «កម្ពុជានិយាយពីសន្តិភាពពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម។ កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះហើយកម្ពុជាក៏ដឹងច្បាស់ដែរថាសន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ។ ហេតុនេះហើយបានជាកងទ័ពរបស់យើងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនរបស់យើងខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួចជូនប្រជាពលរដ្ឋវិញ»៕

ដោយ ៖ សិលា









