ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ភ្នំពេញយល់ច្បាស់បំផុតអំពីតម្លៃនៃសន្តិភាព ទោះបីជាត្រឹម តែមួយថ្ងៃក៏ដោយ ហើយថ្ងៃនេះ យើងបើកទ្វារទីក្រុងរបស់យើងដើម្បី ទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ ទាំងអស់គ្នា។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមជម្រាបជូនមហាគ្រួសារហ្វ្រង់កូហ្វូនី ទាំងមូលថា៖ ទីនេះជាផ្ទះរបស់ឯកឧត្តម លោកជំទាវ។
នាឱកាសនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖
សម្ដេចធិបតី បានថ្លែងថា និយាយពីសន្តិភាពពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម។ កម្ពុជាដឹងច្បាស់ថា សង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ដែរថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ។ ហេតុនេះហើយបានជាកងទ័ពរបស់យើង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនរបស់យើងខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួចជូនប្រជាពលរដ្ឋវិញ។
សម្ដេចធិបតី ថ្លែងថា ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំ២០២៥, ការប៉ះទង្គិច ដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជា និងថៃ ដែលក្នុងនោះ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបាន រំឭកយើងថា «សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀង រហូតនោះឡើយ»។
សម្ដេចធិបតី ថ្លែងចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ថា បទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។
-សម្ដេចធិបតី ថ្លែងចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។ ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញយើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រម-ព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។
សម្ដេចធិបតី ថ្លែងថា កម្ពុជាស្នើសុំឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរ-ជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ, នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់អន្តរជាតិ។
សម្ដេចធិបតី ថ្លែងថា នៅតំបន់សមុទ្រកម្ពុជា-ថៃវិញ, កម្ពុជាបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះដែលនេះជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា៖«កម្ពុជា មានឆន្ទៈច្បាស់លាស់ គឺយើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារ និងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត»។
សម្ដេចធិបតី ថ្លែងថា «ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្រ្គាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។
សម្ដេចធិបតី ថ្លែងថា ប្រវត្តិសាស្ត្របានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃមួយ គឺនៅពេលដែលកម្លាំងយោធាមានឥទ្ធិពលលើសលុបនោះ, យើងត្រូវតែជ្រើសរើសយកផ្លូវច្បាប់, ហើយនៅពេលដែលការមិនទុកចិត្តគ្នាកាន់តែកើនឡើង, យើងត្រូវតែជ្រើសរើសយកកិច្ចសន្ទនា។ នេះមិនមែនជាភាព ឆោតល្ងង់នោះទេ ទោះបីកម្លាំងយោធាអាចបង្ខំឱ្យស្ថានភាពស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែកម្លាំងយោធាមិនអាចកសាងសន្តិភាពបាននោះឡើយ។
សម្ដេចធិបតី ថ្លែងថា ជំនឿចិត្តដ៏មុតមាំដែលគ្មានសកម្មភាពជាក់ស្តែង គឺគ្រាន់តែជាពាក្យសម្ដីមួយឃ្លា ដែលបានតែនិយាយប៉ុណ្ណោះ។ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព គឺជាអ្វីដែលភ្នំពេញស្នើទៅកាន់មហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូល។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃការវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ពីរយៈពេល២៩ឆ្នាំ ក្រោយកិច្ចប្រជុំនៅទីក្រុងហាណូយ ដោយសម្តេចបានបង្ហាញឆន្ទៈប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ដើម្បីផ្តល់អាទិភាពលើកិច្ចសន្ទនា និងការការពារដោយច្បាប់សម្រាប់មនុស្សគ្រប់រូប ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការបែកបាក់។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះអាស៊ាន និងបណ្តាប្រទេសជាមិត្តនៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍរួមគ្នាថា៖ «ការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត ហើយទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព»៕



ដោយ៖តារា










