ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តម៉ាក Ford ពណ៌សមួយគ្រឿង បើកបុកពីក្រោយម៉ូតូកង់បីយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះខ្ទាតចេញពីម៉ូតូកង់បីបោកនឹងថ្នល់យ៉ាងធ្ងន់ធ្ងរ។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីពណ៌សមួយគ្រឿង ពាក់ស្លាកលេខព្រៃវែង 1Q-4461 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Ford ពណ៌សមួយគ្រឿង ដែលមិនស្គាល់ស្លាកលេខ បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ហើយបានបុកពីក្រោយម៉ូតូកង់បីយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បីផ្លោងទៅមុខជាច្រើនម៉ែត្រ និងធ្វើឱ្យអ្នកបើកបរខ្ទាតចេញពីម៉ូតូ បោកនឹងផ្លូវស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗក្រោយកើតហេតុ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវឡើយ ប៉ុន្តែបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានយកម៉ូតូកង់បីរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។
ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរក ដើម្បីនាំយកមកចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










