លោក Thomas Frank ចូលកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Crystal Palace

ចែករំលែក៖

ក្លិប Crystal Palace បានប្រកាសតែងតាំងលោក Thomas Frank ជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម ក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់របស់ក្លិបនៅក្របខណ្ឌ Premier League កាលពីថ្ងៃចន្ទ។

ការចូលកាន់តំណែងរបស់ Thomas Frank កើតឡើងបន្ទាប់ពី Crystal Palace សម្រេចបណ្តេញលោក Pierre Sage ដែលបានដឹកនាំក្រុមអស់រយៈពេល ៥ ខែ។ ក្នុងអំឡុងពេលនោះ លោកបានដឹកនាំក្រុមចំនួន ១៦ ប្រកួត មុនពេលត្រូវបញ្ចប់តួនាទី ខណៈក្រុមកំពុងឈរនៅបាតតារាង។

លោក Frank បានថ្លែងក្នុងសេចក្តីប្រកាសរបស់ក្លិបថា៖ «Crystal Palace គឺជាក្លិបដ៏មានកេរ្តិ៍ឈ្មោះមួយនៅក្នុងប្រទេសអង់គ្លេស និងក្នុងក្របខណ្ឌ Premier League។ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រកីឡាករ និងមនុស្សគ្រប់គ្នានៅក្នុងក្លិប ហើយខ្ញុំពិតជាទន្ទឹងរង់ចាំជួបពួកគេ»។

Crystal Palace មិនទាន់ទទួលបានជ័យជម្នះក្នុងការប្រកួតលីគចាប់តាំងពីថ្ងៃទី១១ ខែតុលាមក។ ការបរាជ័យយ៉ាងធ្ងន់ធ្ងរ ៥-០ ក្រោមថ្វីជើង Brighton & Hove Albion បានក្លាយជាចំណុចចាប់ផ្តើមនៃការធ្លាក់ចុះទម្រង់លេង ដែលធ្វើឱ្យក្រុមធ្លាក់ចូលក្នុងការប្រជែងដើម្បីគេចចេញពីតំបន់កាត់ចេញ។

ការបរាជ័យក្នុងទឹកដីខ្លួនឯង ៣-១ ក្រោមថ្វីជើង Liverpool នាពេលថ្មីៗនេះ បានធ្វើឱ្យកំណត់ត្រាចាញ់របស់ពួកគេកើនឡើងដល់ ៤ ប្រកួតជាប់ៗគ្នាក្នុង Premier League។ ជាលទ្ធផល ក្លិបដែលមានមូលដ្ឋាននៅភាគខាងត្បូងទីក្រុងឡុងដ៍មួយនេះ កំពុងឈរនៅបាតតារាង ដោយមានគម្លាត ២ ពិន្ទុពីតំបន់សុវត្ថិភាព។

Thomas Frank វិលមកកាន់តួនាទីអ្នកចាត់ការវិញ

លោក Frank មកដល់ទឹកដី Selhurst Park ក្នុងស្ថានភាពដែល Crystal Palace កំពុងជួបការលំបាក ហើយនេះជាតួនាទីជាអ្នកចាត់ការដំបូងរបស់លោក ចាប់តាំងពីត្រូវបានបណ្តេញចេញពី Tottenham Hotspur ក្រោយដឹកនាំក្រុមអស់រយៈពេល ៨ ខែ។

ការផ្លាស់ទៅដឹកនាំ Tottenham របស់បុរសវ័យ ៥៣ ឆ្នាំរូបនេះ បានបញ្ចប់ដោយភាពមិនជោគជ័យ បន្ទាប់ពីក្រុមទទួលបានលទ្ធផលមិនល្អជាបន្តបន្ទាប់ រហូតធ្វើឱ្យពួកគេស្ថិតនៅមិនឆ្ងាយពីតំបន់កាត់ចេញ។

លោកបានចូលរួមជាមួយ Tottenham កាលពីខែមិថុនា ឆ្នាំ២០២៥ ដើម្បីជំនួសលោក Ange Postecoglou ប៉ុន្តែត្រូវបានបណ្តេញចេញនៅខែកុម្ភៈ ឆ្នាំនេះ បន្ទាប់ពីទុកឱ្យក្លិបស្ថិតនៅចំណាត់ថ្នាក់លេខ១៦ ដោយមាន ២៩ ពិន្ទុ ពីការប្រកួតចំនួន ២៦ លើក។

មុនពេលផ្លាស់ទៅ Tottenham លោក Frank បានទទួលជោគជ័យក្នុងការដឹកនាំ Brentford អស់រយៈពេល ៧ ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។ លោកបានជួយក្លិបឡើងមកកាន់ក្របខណ្ឌ Premier League និងបង្កើតមូលដ្ឋានឱ្យក្រុមអាចរក្សាកៅអីនៅលីគកំពូលអង់គ្លេសបាន។

ចំណាត់ថ្នាក់លេខ៩ ក្នុងរដូវកាល ២០២២-២៣ គឺជាចំណាត់ថ្នាក់ល្អបំផុតរបស់ Brentford ក្នុងលីគ ក្រោមការដឹកនាំរបស់លោក Frank។

ប្រវត្តិការងារបង្វឹក

លោក Frank បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកជាមួយក្រុមជម្រើសជាតិយុវជនរបស់ដាណឺម៉ាក មុនពេលចូលដឹកនាំក្លិប Brondby នៅឆ្នាំ២០១៣។

...

លោកបានចាកចេញពី Brondby នៅខែមីនា ឆ្នាំ២០១៦ ហើយចូលរួមជាមួយ Brentford នៅខែធ្នូ ឆ្នាំដដែល ក្នុងតួនាទីជាជំនួយការគ្រូបង្វឹករបស់លោក Dean Smith នៅពេលក្លិបកំពុងលេងក្នុងក្របខណ្ឌ Championship។ បន្ទាប់មក លោកត្រូវបានតែងតាំងជាគ្រូបង្វឹកសំខាន់របស់ក្រុមនៅឆ្នាំ២០១៨៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print