សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ ទី១៨ ខែវិច្ចិកា ឆ្នាំ២០២៦ ថាកូរ៉េខាងត្បូងសង្ឃឹមថា នឹងអាចធ្វើការរួមគ្នាជាមួយភាគីចិន ដើម្បីបង្កើតយុគសម័យមួយនៃការរួមរស់ជាមួយគ្នា ដោយសន្តិភាពនៅឧបទ្វីបកូរ៉េ។
មេដឹកនាំទាំង២ បានជួបគ្នានៅក្រៅកិច្ចប្រជុំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ អំឡុងជំនួបទ្វេភាគីនោះ លោក លី ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ប្រទេសទាំងពីរនឹងអភិវឌ្ឍភាពជាដៃគូសេដ្ឋកិច្ចដែលស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ឱ្យកាន់តែរីកចម្រើនថែមទៀត។ រីឯលោក ស៊ី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងការធ្វើប្រាស្រ័យទាក់ទង និងការសម្របសម្រួលជាមួយកូរ៉េខាងត្បូង ព្រមទាំងរក្សាស្ថិរភាព និងដំណើរការដោយរលូននៃខ្សែចង្វាក់ឧស្សាហកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សកល។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីលទ្ធភាពនៃការជួបមុខគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ី ប៉ុន្តែរហូតមកដល់ឥឡូវ មិនទាន់មានការបញ្ជាក់ឱ្យប្រាកដថា ជំនួបបែបនេះនឹងពិតជាកើតឡើងនោះទេ។ ចំណែកចិនវិញបាននិយាយថា ខ្លួនមិនមានព័ត៌មានអំពីលទ្ធភាពជំនួបនេះឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃពុធនេះថា លោក ត្រាំ «បានត្រៀមខ្លួនរួចជាស្រេច» សម្រាប់កិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ប៉ុន្តែមិនមានន័យថា ជំនួបរវាងមេដឹកនាំទាំងពីរនឹងកើតឡើង អំឡុងដំណើរទស្សនកិច្ចនេះទេ៕









