ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងឃុំ ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យបានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ បទល្មើសនេសាទ ដូចជា អ៊ុយនិងណរ៉ាវ ប្រភេទមង ក្រឡាល្អិត កំពុងតែកើតមាន យ៉ាងគគ្រឹកគគ្រេងពេញព្រៃលិចទឹកដែលជាជម្រកសត្វត្រីពងកូនបានធ្វើឲ្យជីវចម្រុះដែលរស់នៅក្នុងទឹកទាំងអស់រាប់ទាំងពស់ អណ្តើក កន្ធាយ អន្ទង់ កង្កែប ហ៊ីង គីង្គក់ និង ត្រីគ្រប់ប្រភេទមិនអាចចេញរួចឡើយ ។ ខណៈដែលអ្នកនេសាទទាំងនោះប្រើប្រាស់ឧបករណ៍នេសាទណរ៉ាវ ក្រឡាល្អិតមានទ្រង់ទ្រាយធំដោយមួយកន្លែងៗមានប្រវែង៣គីឡូម៉ែត្រកន្លែងខ្លះ៤ទៅ៥គីឡូម៉ែត្រ ក៏មាន ។
ដើម្បីឲ្យច្បាស់ការណ៍អ្នកយកព័ត៌មានយើងបានចុះទៅដល់ចំណុចកើតហេតុ ដែលពាក់ព័ន្ធទៅនឹងបទល្មើសនេសាទនោះ គឺបានឃើញជាក់ស្តែងដោយបាន ឃើញណរ៉ាវមងក្រឡាល្អិត ជាច្រើនខ្សែ នៅខេត្តសៀមរាបមាន២ស្រុកគឺស្រុក ក្រឡាញ់មាន២ឃុំគឺឃុំស្រណាល ឯឃុំសំបួរ និងស្រុកពួកមាន៣ឃុំ គឺឃុំសសរស្តម្ភ ឃុំព្រៃជ្រូកនិងឃុំពោធិ៍ទ្រាយ ។
ចំណែកខេត្តបាត់ដំបងមានស្រុកឯកភ្នំ មានឃុំព្រៃចាស់និងឃុំកោះជីវាំង ខេត្ត បន្ទាយមានជ័យ មានស្រុកព្រះនេត្រព្រះ ឃុំ ប្រាសាទនៅចំណុចវាលសំបុកសត្វ និងវាលក្ងដែលជាប់ព្រំប្រទល់ឃុំព្រៃចាស់ស្រុកឯកភ្នំ ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺក្រុមជនល្មើសបានដាក់នៅចំណុចព្រំប្រទល់ស្រុកដែលឆ្លងខេត្តតែម្តង ។ ដូចជាចំណុចព្រែកមេពងស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ទ្រាយស្រុកជនល្មើសបានដាក់នៅ ចំណុចព្រំប្រទល់ភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ។ នៅចំណុចបឹងព្រៃកក់និងបឹង ព្រៃគោកខ្ពស់ ស្ថិតក្នុងភូមិព្រៃចាស់ឃុំព្រៃចាស់ស្រុកឯកភ្នំ ក៏ពួកជនល្មើសដាក់ណរ៉ាវ ប្រវែង២គីឡូម៉ែត្រឆ្លងចូលដល់ចំណុច បឹងសំបុកសត្វ ទឹកដីនៃឃុំប្រាសាទ ស្រុកព្រះនេត្រព្រះផងដែរ ។
ចំណុចវាលអាត្អោនស្ថិតក្នុងទឹកដីឃុំព្រៃជ្រូក ស្រុកពួក និងខ្លះជាប់ព្រំប្រទល់ ស្រុកក្រឡាញ់ដែលមានណរ៉ាវនេះចំនួន៣ទៅ៤កន្លែង ហើយមួយកន្លែងៗមិន ក្រោមពី២ទៅ៣ គីឡូម៉ែត្រ និងមានកន្លែងខ្លះ៤ទៅ៥គីឡូម៉ែត្រទៀតផង ។ នៅចំណុចព្រែកតាឡកក្រោមការគ្រប់គ្រងរបស់សហគមន៍ឃុំពោធិ៍ទ្រាយស្ថិតក្នុងទឹកដីឃុំសំបួរជាប់ព្រំប្រទល់ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ជុំវិញបទល្មើសនេសាទដែលកើតមានពេញបន្ទុកបែបនេះត្រូវបានគេដាក់ការ សង្ស័យថាសមត្ថកិច្ចជំនាញជាអ្នកបើក ភ្លើងខៀវឲ្យទើបបានជាប្រជានេសាទនៅក្នុងសហគមន៍នីមួយៗហ៊ានប្រព្រឹត្តយ៉ាងគឃ្លើនមិនខ្លាចក្រែងច្បាប់សោះឡើយ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបានបង្ហើបប្រាប់ថា បទល្មើសខ្លាំងជាងគេគឺនៅក្នុងសហគមន៍នេសាទឃុំពោធិ៍ទ្រាយក្នុងស្រុកពួកខេត្តសៀមរាបដែលប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ប្រភេទណរ៉ាវ មងក្រឡាល្អិតនេះខ្លាំងជាងគេទោះបីជាខែទឹកសម្រកអស់ពីវាលក៏អ្នកឃុំពោធិ៍ទ្រាយនេះនៅតែបន្តដាក់ណរ៉ាវនៅក្នុងដងស្ទឹងសង្កែបន្តទៀតមិនបានបញ្ឈប់សកម្មភាពឡើយហើយក៏មិនដែលឃើញមានមន្ត្រីជំនាញណាមកទប់ស្កាត់ឬបង្ក្រាបដែរ ។ ទោះជាយ៉ាងណាតាមរយៈព័ត៌មាននេះ សង្ឃឹមថាសមត្ថកិច្ចជំនាញមន្ត្រីជលផលទាំង៣ខេត្តនឹងការវិធានការក្តៅបង្ក្រាបបទល្មើសនេសាទទាំងនេះជាបន្ទាន់ដើម្បីចៀសផុតពីការសង្ស័យរបស់ប្រជាពលរដ្ឋថា មន្ត្រីជំនាញជាអ្នកបើកភ្លើងខៀវឲ្យជនខិលខូចប្រព្រឹត្តបទល្មើស ។
ជុំវិញករណីខាងលើនេះលោក ឈួន សុខ ម៉ៅ នាយសង្កាត់រដ្ឋបាលស្រុកព្រះ នេត្រព្រះបានឲ្យដឹងថា លោកបានប្រជុំ គណៈបញ្ជាការឯកភាពស្រុកហើយបានលើកជូន ហើយយើងនឹងមានវិធានការទប់ស្កាត់ជាបន្ទាន់ ហើយកំពុងតែប្រមូលកម្លាំងចុះទៅបង្ក្រាបព្រោះរាល់ឆ្នាំកន្លងមកលោកមិនដែលឲ្យបទល្មើសកើតឡើងឡើយ ។ ជាពិសេសបទល្មើនៅក្នុងស្រុករបស់លោក មិនសូវមានទេ មានតែប្រជានេសាទខាងបាត់ដំបងគាត់លួចដាក់ ហើយការលួច ដាក់នោះទើប តែសម្រុកដាក់ តែលោកមិនបណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងនោះឡើយ ៕
ដោយ៖ វណ្ណា